ពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ២០១៩


សៀមរាប ៖ ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស​លើកទី២៦ ទៅលើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានបេក្ខជនសរុបចំនួន៤៨០នាក់ មកពី២៤៦សាលា លើចំនួនគ្រឹះស្ថានមធ្យមសិក្សាសរុប១៧៧១នៅទូទាំងប្រទេស ។

ពិធីបើកការប្រឡងនាពេលនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ។

ក្នុងឱកាសបើកកម្មវិធី ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានណែនាំឲ្យបេក្ខជនចូលរួមគោរព និងអនុវត្តន៍ឲ្យបាននូវបទប្បញ្ញត្តិប្រឡងឲ្យបានជាកំហិត ជាពិសេសថែរក្សាសុខភាពឲ្យបានល្អ អំឡុងពេលប្រឡង ហើយ​ខិតខំ​ឱ្យ​ពី​អស់​សមត្ថភាព​ផ្ទាល់ខ្លួន ដើម្បី​ដណ្ដើម​ជ័យលាភី​ប្រកបដោយ​កិត្តិយស​ជូន​ក្រុមគ្រួសារ សាលារៀន រាជធានី-ខេត្ត​រៀងៗខ្លួន៕