ឯកឧត្តម ជាវ តាយ  បានចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ៤ គ្រួសារ ដែលរលំផ្ទះទាំងស្រុង ដោយសារខ្យល់កន្ទ្រាក់ នៅឃុំតាកែន ស្រុកឈូក


ព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពត បានដឹកនាំ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក មេឃុំ ចុះសួរសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋចំនួន ៤ គ្រួសារ ដែលរលំផ្ទះទាំងស្រុង ដោយសារខ្យល់កន្ទ្រាក់ ស្ថិតនៅឃុំតាកែន ស្រុកឈូក បន្ទាប់ពីបញ្ចប់ពិធីសម្ពោធដាក់ឲ្រប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុង​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន​។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះ ៤គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ១បាវស្មើ៣០គីឡូ ទឹកត្រីមួយយួរ ទឹកស៊ីអ៉ីវ មួយយួរ ត្រីខមួយយួរ មីមួយកេស តង់មួយ ក្រមាមួយ សារុងមួយ និងថវិកា ៨០ម៉ឺនរៀល សរុប ៣,២០០,០០០រៀល។