ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងថ្នាក់ដឹកនាំខេត្ត ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព ព្រមទាំងស្រង់ទិន្នន័យ ពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង


ព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពមួយចំនួនជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរស្រុកថ្មគោល អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក និងចុះពិនិត្យពីស្ថានភាពនៃគ្រោះធម្មជាតិ ដែលបានកើតឡើងនៅវេលាល្ងាចថ្ងៃទី២២ខែមេសានេះ ដែលបានបង្កគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដោយ សារតែបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ និងធ្វើឲ្យដួលរលំ ខូចខាតផ្ទះសម្បែង ប៉ើងដំបូលផ្ទះ និងមនុស្សមួយចំនួនបានរងរបួស

តាមរបាយការណ៍លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានឲ្យដឹងថា បាតុភូតធម្មជាតិ ខ្យល់កន្ត្រាក់ដែលបានបង្កមហន្តរាយ នៅក្នុងស្រុកថ្មគោល បណ្តាលឲ្យខូចខាត ផ្ទះសម្បែងចំនួន ២២៧ខ្នង នៅក្នុងឃុំ ចំនួន ០៥ ដូចជា៖ឃុំជ្រៃ, ជ្រោយស្តៅ, អន្លង់រុន, បឹងព្រីងនិងឃុំបន្សាយត្រែង។ ក្នុងចំណោមឃុំ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺ ឃុំជ្រៃ បណ្តាលឲ្យខូចខាតផ្ទះ ចំនួន១២៩ខ្នង ដោយបង្កការប៉ះពាល់ ប៉ើងដំបូលទាំងស្រុងសាលាពុទ្ធិកបឋមសិក្សាវត្តរូង, ប៉ើងដំបូលស័ង្កសី វិទ្យាល័យជ្រៃ និងបង្ករងរបួសមនុស្សចំនួន០២នាក់។និងឃុំជ្រោយស្តៅ បានបង្ករបួសមនុស្ស០៤នាក់ផងដែរ។

ឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តបានឲ្យដឹងថា៖ គ្រោះមហន្តរាយដែលបង្កឡើងដោយបាតុភូតធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២មេសាម្សឹលម៉ិញនេះ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន៥៣០ខ្នងផ្ទះ ក្នុងនោះស្រុកថ្មគោល ២២៧ខ្នង ស្រុកកំរៀង ២៥ខ្នង ក្រុងបាត់ដំបង ៧៤ខ្នង, ស្រុកមោងឬស្សី ៣៦ខ្នង, ស្រុកគាស់ក្រឡ ៣៧ខ្នង, ស្រុកសង្កែ ៤០ខ្នង, ស្រុកបាណន់ ៥៧ខ្នង និង ស្រុករតនមណ្ឌល ៣៤ខ្នង។

ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកតំណាងរាស្ត្រ និងក្នុងនាមរដ្ឋបាលខេត្ត និង សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបងផង បានដឹកនាំ និងចុះមកពីនិត្យមើលផ្ទាល់ អំពីស្ថានភាព នៃគ្រោះមហន្តរាយដែលកើតឡើងដោយសារតែខ្យល់កន្ត្រាក់នៅទីនេះ និងដើម្បីស្រង់នូវទិន្នន័យជាក់លាក់ និងរាយការណ៍ជូនទៅថ្នាក់ដឹកនាំ ខាងលើ ជាពិសេសជូនសម្តេចក្រឡាហោម ដើម្បីពិនិត្យលទ្ធភាព និងរកដំណោះស្រាយសមស្រប ដើម្បីឆ្លើយតបទៅ និងការលំបាកពីបញ្ហាប្រឈមនានាចំពោះមុខ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះទាំងអស់នោះ នៅថ្ងៃខាងមុខឆាប់ៗនេះ ។ ក្នុងឱកាសនោះឯកឧត្តម ច័ន្ទ សុផល ក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនមួយចំនួនដល់កងកម្លាំងនៅទីនោះ និងគ្រួសារជនរងគ្រោះទាំងនោះផងដែរ៕