នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ចេញទៅចូលរួមវេទិកា ខ្សែក្រវាត់ និងផ្លូវ លើកទី២ នៅទីក្រុងប៉េកាំង


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីប្រទេសមហាយក្សសេដ្ឋកិច្ចលេខ២លើលោក, នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ហោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ រួមនិងកិច្ចប្រជុំសំខាន់ៗជាច្រើនផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងចំណាយពេល៥ថ្ងៃ នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ និងកិច្ចប្រជុំសំខាន់ៗដទៃទៀតនេះ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅថ្ងៃទី២៦ ខែមេសា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា ពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៖ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ នៅថ្ងៃបន្ទាប់នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។

ក្រសួងការបរទេសបន្ថែមថា បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នឹងសម្ពោធពន្លាជាតិរបស់កម្ពុជា។

ប្រភពបន្តថា ក្នុងកំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ខឺឈាង, លោក វ៉ាង ហ៊ុននីង សមាជិកការិយាល័យនយោបាយ និងជាលេខានៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយ លោក លី យ៉ុង អគ្គនាយកអង្គការឧស្សាហកម្មអង្គការសហប្រជាជាតិ ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនចិនមួយចំនួន។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មានការរំពឹងថា នឹងមានការចុះហត្ថលេខាលើឯកសារមួយចំនួនស្តីពីជំនួយរបស់ចិន ព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការនានាផងដែរ។ លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងពិធីជួបជាមួយនិស្សិត និងសាស្រ្តាចារ្យ នៅសកលវិទ្យាល័យប៉េកាំង។ ក្នុងឱកាសដ៏ឧត្តុងឧត្តមនោះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងទទួលបាននូវការប្រគល់គោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំងផងដែរ។

ឥស្សរជនដែលអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាឱកាសនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន, លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល, លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ និងសមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» គឺជាផែនការប្រកបដោយមហិច្ឆតារបស់លោក ស៊ី ជិនពីង ស្តីពីការបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងមួយ ក្រោមទិសដៅតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រិ្វក តាមរយៈផ្លូវគោកនិងផ្លូវទឹក។ ចិន បានចាត់ទុកគម្រោងនេះប្រៀបដូចជាការបង្កើតវិថីសូត្រថ្មីរបស់ខ្លួន។ លោក ស៊ី ជិនពីង បានប្រកាសពីគម្រោងយុទ្ធសាស្រ្តនេះជាលើកដំបុង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៣។

ក្នុងរយៈពេលត្រឹមតែ០៥ឆ្នាំ BRI បានវិវត្តន៍ខ្លួនពីគំនិតរហូតដល់ក្លាយទៅជាវេទិកាគន្លឹះមួយ ដើម្បីការកសាងសហគមន៍មួយ ដែលមានអនាគតចែករំលែករួមគ្នាសម្រាប់មនុស្សជាតិនិងសម្រាប់ទំនិញសាធារណៈអន្តរជាតិ។

ប្រទេសចំនួន១២៦ និងអង្គការអន្តរជាតិចំនួន ២៩ហើយ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយចិន ដើម្បីរួមគ្នាកសាងគម្រោងនេះ។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang បានបង្ហើបឲ្យដឹងទៀតថា ទំហំពាណិជ្ជកម្មសរុបរវាងចិន និងបណ្តាប្រទេសដែលចូលរួមក្នុងគម្រោងផ្តួចផ្តើមនេះ បានកើនលើសពី ០៦ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ) ខណៈទំហំនៃការបោះទុនវិនិយោគវិញបានកើនហួសពី ៨០ពាន់លានដុល្លារ។ តំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រមាណ ៨២កន្លែង ត្រូវបានកសាងឡើងដោយចិន និងប្រទេសពាក់ព័ន្ធ ហើយបានបង្កើតការងារជិត ៣០០,០០០កន្លែង។

សម្រាប់កម្ពុជាបានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់លោកប្រធានាធិបតី ស៊ី ជីនពីង នៅឆ្នាំ២០១៦។ ទាំងមន្ត្រី និងអ្នកជំនាញមួយចំនួនទៀតរបស់កម្ពុជា សុទ្ធតែបានលើកសរសើរពីគុណតម្លៃនៃគំនិតផ្តួចផ្តើមនេះ ហើយបានផ្តល់នូវសារប្រយោជន៍ដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា នៅក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ ខ្សែក្រវាត់ និងផ្លូវ គឺចិនបានវិនិយោគលើគម្រោងធំៗជាច្រើននៅកម្ពុជា ដែលរួមមាន វារីអគ្គិសនី ផ្លូវថ្នល់ ស្ពាន តំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី។

លោកបណ្ឌិតបានថ្លែងទៀតថា កម្ពុជាមានក្តីរំពឹងខ្ពស់ថា ចិននឹងបន្តជួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាជាបន្តទៀត។ ធ្វើដូច្នេះវានឹងអាចកាត់បន្ថយតម្លៃទំនិញ នៅក្នុងប្រទេសកម្ពុជា ពង្រឹងការប្រកួតប្រជែង ក្នុងទីផ្សារសេដ្ឋកិច្ច និងធ្វើឱ្យកំណើនសេដ្ឋកិច្ច កាន់តែប្រសើរ។

ចំណែកលោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ បាននិយាយថា «គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្ម ដែលចិនបានសាងសង់នៅទីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ យ៉ាងច្រើនឱ្យកម្ពុជា និងប្រជាជននៅប្រទេសនេះ។ ទាំងនេះនឹងជួយជំរុញការអភិវឌ្ឍ នៅប្រទេសកម្ពុជា ដោយជួយឱ្យកម្ពុជា ប្រែពីប្រទេសដែលមានចំណូល មធ្យមកម្រិតទាបទៅជាប្រទេស ដែលមានចំណូលមធ្យម នៅឆ្នាំ២០៣០»។

ប្រទេសកម្ពុជា ត្រូវបានមើលឃើញថា មានការវិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរីកលូតលាស់ខ្លាំងនេះ ត្រូវបានគេមើលឃើញថាជាប់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះផងដែរ។

ក្នុងឆ្នាំ២០១៧ទំហំទឹកប្រាក់វិនិយោគរបស់ចិននៅកម្ពុជាមានចំនួនសរុប ១,១៥២.៨២ លានដុល្លារ ហើយការវិនិយោគ គឺផ្តោតលើវិស័យធំៗដូចជាហិរញ្ញវត្ថុ អចលនទ្រព្យ រោងចក្រ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម រ៉ែ និងបច្ចេកវិទ្យាជាដើម។

គិតត្រឹមឆ្នាំ២០១៧នេះដដែល ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណ ៦.០៤ ពាន់លានដុល្លារ ហើយចិនក៏បានក្លាយជាទីផ្សារនាំចេញធំបំផុតទី៥របស់កម្ពុជា បន្ទាប់ពីអាម៉េរិក អង់គ្លេស អាល្លឺម៉ង់និងជប៉ុន ដោយមានទំហំទឹកប្រាក់ ៧៥៣.៤៨លានដុល្លារ គឺកើនឡើង ២៣.៦៣% បើធៀបនឹងឆ្នាំ២០១៦ ដែលមានទំហំត្រឹមតែ ៦០៩.៤៨លានដុល្លារ។ បន្ទាប់ពីសហគមអឺរ៉ុបបានយកពន្ធលើការនាំចូលអង្ករពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប កម្ពុជាបានខិតខំស្វែងរកដៃគូវិនិយោគ និងទីផ្សារនាំចេញអង្ករឲ្យបានកាន់តែធំទូលាយ។ ក្នុងនោះចិន បានទទួលយកការនាំចូលអង្ករ ចំនួន ៧៤,២១៤តោនពីកម្ពុជាគិតត្រឹមត្រីមាសទី១ នាឆ្នាំ២០១៩នេះ។

ដោយឡែកចិន ក៏ជាម្ចាស់ជំនួយដ៏ធំបំផុតរបស់កម្ពុជា។ ក្នុងឆ្នាំ២០១៨ថ្មីៗនេះ ចិនបានផ្តល់ជំនួយប្រមាណ ៧៤០លានដុល្លារ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសកម្ពុជា។ បន្ថែមលើនេះទៅទៀត ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីខែមករាឆ្នាំ២០១៩កន្លងទៅនេះ ភាគីចិនបានសន្យាថា នឹងផ្តល់ជំនួយប្រមាណ ៤ពាន់លានយ័ន (ប្រហែល ៥៨៧.៦ លានដុល្លារ)បន្ថែមទៀតសម្រាប់រយៈពេលបីឆ្នាំទៅមុខ។

ជំនួយរបស់ចិនភាគច្រើនជាប្រភេទសម្បទានដែលផ្តោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាផ្លូវថ្នល់ ថាមពល និងកសិកម្ម។ ជាក់ស្តែងថ្មីៗនេះស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាក៏បានបញ្ជាក់ផងដែរថា ខ្លួនបានជួយកម្ពុជាកសាងផ្លូវថ្នល់ចំនួន ៣១ខ្សែ និងស្ពានចំនួន ៨កន្លែងដែលមានប្រវែងសរុបជាង ៣,០០០គ.ម។ ក្រៅតែពីការវិនិយោគ និងជំនួយដែលចិនបានជួយដល់កម្ពុជា ៣២.៦% (ស្មើនឹង ២,០២៥លាននាក់) នៃចំនួនទេសចរបរទេស ដែលបានមកលេងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ គឺជាទេសចរជនជាតិចិន។

វិស័យទេសចរណ៍បានចូលរួមចំណែកជាច្រើនក្នុងការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន ពិសេសគឺវាចូលរួមចំណែកប្រមាណ ១២.៧%នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ចិនក៏បានជួយកម្ពុជាជាច្រើនលើសកម្មភាព សង្គម មនុស្សធម៌ និងសិក្សាអប់រំ។

ជាក់ស្តែងក្នុងឆ្នាំសិក្សា២០១៩នេះមានសិស្ស និស្សិតខ្មែរជិត ២,០០០នាក់ កំពុងសិក្សានិងបណ្តុះបណ្តាលនៅតាមសាលានានា ក្រោមអាហារូបករណ៍ដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន។

កត្តាទាំងនេះបានបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់ចិនក្នុងជួយពង្រឹងសក្តានុពលសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា៕