ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារបន្តឆ្នាំ២០១៩ របស់ក្រសួងធម្មការនិងសាសនា


ព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារបន្តឆ្នាំ២០១៩ របស់ក្រសួងធម្មការនិងសាសនា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៏ថា៖សន្និបាតបូកសរុបលទ្ធផលការងារត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងអបអរសាទរពីលទ្ធផលការងារដែលក្រសួងធម្មការនិងសាសនាសម្រេចបានក្នុងរយៈកាលមួយឆ្នាំ និងដើម្បីពិនិត្យវាយតម្លៃលទ្ធផលសកម្មភាពការងារលើចំណុចខ្លាំង ចំណុចខ្សោយ ការប្រឈម សំណូមពរ និងលើកទិសដៅ ការងារសម្រាប់អនុវត្តន៍នាឆ្នាំបន្ទាប់ និងម្យ៉ាងទៀតដើម្បីបង្កបរិយាកាសឱ្យមន្ត្រីរាជការ ទាំងនៅថ្នាក់កណ្តាល និងនៅតាមបណ្តាលខេត្ត-រាជធានីបានប្រាស្រ័យទាក់ទងគ្នារាប់អានគ្នាកាន់តែជិតស្និទ្ធ ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីរួមចំណែកអនុវត្តន៍ទិសដៅការងារក្រសួងធម្មការនិងសាសនាឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។ស្របតាម រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងសន្តិសុខជាតិយ៉ាងល្អប្រសើរ ព្រមទាំងសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនលើគ្រប់វិស័យ នាំមកនូវកិត្យានុភាពជាតិ ទាំងនៅក្នុងតំបន់ និងលើពិភពលោក។ ទន្ទឹមនឹងនេះ ក្រសួងធម្មការនិងសាសនា ក៏បានចូលរួមចំណែកអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលបានបំពេញបេសកកម្ម របស់ខ្លួនយ៉ាងសកម្មលើការងារជាច្រើន ។
ឯកឧត្តទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា សមិទ្ធផលទាំងឡាយដែលយើងមានសព្វថ្ងៃនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង បំពេញ ការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការប្រើប្រាស់កម្លាំងសរុបរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកយើងទាំងអស់គ្នា ដូចនេះសូមព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី បន្តជំរុញ និងពង្រឹងបន្ថែមទៀត នូវអ្វីដែលជាសមិទ្ធផល និងខិតខំបំពេញបន្ថែមទៀតនូវការខ្វះខាតដែលមិនទាន់បានបំពេញ និងមិនទាន់បានដោះស្រាយជាពិសេសសូមពង្រីកការសាមគ្គី សហការគ្នាគ្រប់ផ្នែកតាំងពី ថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋានរាជធានី-ខេត្ត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តែផ្តាំថា ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ព្រះមន្ត្រីសង្ឃ មន្រ្តីរាជការ បុគ្គលិកទាំងអស់ដែលបានបំពេញការងារតាមភារកិច្ចរៀងខ្លួនឱ្យទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈហើយក្រសួងធម្មការនិងសាសនា បានអនុវត្តន៍សកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មតាមតួនាទី និងភារកិច្ចដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល អាណត្តិទី៥ សំរាប់ឆ្នាំ២០១៣-២០១៨ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរឱ្យមានមោទនភាព ។
ឯកឧត្តមទេសរដ្ឋមន្រ្តី មានជំនឿ ជឿជាក់ថា ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាមន្ត្រីរាជការ បុគ្គលិក នៃក្រសួងធម្មការនិងសាសនា នៅតែបន្តស្មារតីសាមគ្គីគ្នា ជាប្រពៃណីនេះតទៅទៀត។