ឯកឧត្តមអម សុភា បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឈានទៅសម្រេចឱ្យបានតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥


កំពង់ឆ្នាំងៈឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានជំរុញបែបនេះនាព្រឹកង្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ក្នុងទិវាជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ក្រោមប្រធានបទ (គ្មានជម្ងឺគ្រុនចាញ់ផ្តើមចេញពីខ្ញុំ) ស្ថិតក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម​ អម សុភា បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ សែន ជាប្រមុខដឹកនាំបានប្តេជ្ញានឹងលុបបំបាត់ជំងឺគ្រុន
ចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២០ និងលុបបំបាត់រាល់គ្រប់ទម្រង់គ្រុនចាញ់នៅដំណាច់
ឆ្នាំ២០២៥ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នា ដើម្បីឈានទៅសម្រេចឲ្យបានតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅពេលខាងមុខ។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រើប្រាស់មុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ និងចេះថែទាំសុខភាព ពីព្រោះរដូវនេះ អាកាសធាតុក្តៅខ្លាំង ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ហើយបើមានបញ្ហាអ្វីកើតឡើងនៅមូលដ្ឋាន ត្រូវរាយការណ៍មកកាន់អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីធ្វើការដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា។