កម្ពុជាជម្រុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារបណ្តាប្រទេសមជ្ឈឹមបូព៍ា និងបណ្តាប្រទេសមូស្លឹម


ទីក្រុងឌូបៃ សហភាពអារ៉ាប់រួម៖ ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ Arabian Travel Market (ATM 2019) នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

គួររំលឹកដែរថា​ ព្រឹត្តិការពិព័រណ៍ទេសចរណ៍អន្តរជាតិ ATM 2019 បានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៤ ដែលកាលនោះទីតាំងមានទំហំតែ ២.០០០ម៉ែត្រការ៉េ និងមានអ្នកទស្សនាចំនួនប្រហែល ៧.០០០នាក់ ប៉ុណ្ណោះ។ ដោយឡែកព្រឹត្តិការណ៍ឆ្នាំ២០១៩ នេះ មានទីតាំងទំហំរហូតដល់ ២៦.០០០ម៉ែត្រការ៉េ មានការចូលរួមជាង ១៥០ ប្រទេស និងជាង ៩០០ នៃភ្នាក់ងារទេសចរណ៍អន្តរជាតិ ពាណិជ្ជកម្ម សារព័ត៌មាន និងអ្នកទស្សនាជាង ២៨០០០ នាក់ ព្រមទាំងអ្នកលក់ជាង ២៥០០ ក្រុមហ៊ុន, អ្នកទិញដ៏មានសក្តានុពល និងអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានាធ្វើបទបង្ហាញស្តីពីៈ​ វឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ទេសចរណ៍បែបប​ច្ចេកវិទ្យា (Travel Tech Show) និងវេទិកាទេសចរណ៍រវាងសហភាព អារ៉ាប់ជាមួយចិន (Arabia China Tourism Forum) ផងដែរ។

ATM 2019 គឺជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ដ៏ធំសម្រាប់ទីផ្សារទេសចរណ៍មជ្ឈឹមបូព៌ា ដែលជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF 2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរពីទីផ្សារមជ្ឈឹមបូព៌ា ជាពិសេសទេសចរអារ៉ាប់រួម មកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។

នៅក្នុងពន្លាក្រសួងទេសចរណ៍មានភ្ញៀវជាច្រើនចូលទស្សនា បានសាកសួរពត៌មាន ហើយឯកឧត្តមប្រធានប្រតិភូ ក៏ដូចជាមន្រ្តីជំនាញក៏បានផ្តល់ជូននូវពត៌មានអំពីការអភិវឌ្ឍន៍របស់វិស័យទេសចរណ៍កម្ពុជា ក្រោមការដឹកនាំដ៏មោះមុតរបស់ឯកឧត្តមបណ្ឌិត ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្វើអោយវិស័យទេសចរណ៍កម្ពុជាមានភាពទាក់ទាញខ្លាំងទៅលើទីផ្សារអន្តរជាតិ និងជាពិសេសស្ថិតក្រោមដំបូលសុខសន្តិសុខ​ សុវត្ថិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

តាមរយៈព្រឹត្តិការណ៍ ATM 2019 នេះ ជាកាលានុវត្តភាពថ្មីមួយសម្រាប់កម្ពុជាក្នុងការចាប់យកចំណែកទីផ្សារ ភ្ញៀវទេសចរណ៍បណ្តាប្រទេសមជ្ឈឹមបូព៌ា និងបណ្តាប្រទេសមូស្លីម ហើយយើងសង្ឃឹមថា កម្ពុជានឹងទទួលបានទេសចរមកពីទីផ្សារមជ្ឈឹមបូព៌ា និងមូស្លឹមកាន់តែច្រើនថែមទៀត៕