សម្ដេចក្រឡាហោម ស ខេង បានទទួលជួបពិភាក្សាការងារជា មួយអ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ទទួលន្ទុក សិទ្ធិមនុស្សនៅកម្ពុជា


នៅរសៀលថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំច ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជា មួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ ទទួលន្ទុក សិទ្ធិមនុស្សនៅកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបពិភាក្សានេះលោកស្រី រ៉ូណាស្មីត បានលើកឡើងជម្រាបសម្ដេចក្រឡាហោម ស ខេង អំពីបញ្ហាការអនុវត្តសិទ្ធិសេរីភាពអង្គការមិនមែនរដ្ឋាភិបាល ការរៀបចំអនុវត្តច្រកចេញចូលតែមួយ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការពង្រឹងទំនាក់ទំនងរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល។

ជាការឆ្លេីយតបពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពសង្គមស៊ីវិល សម្ដេចក្រឡាហោម ស ខេង បានជំរាបជូនអ្នករារាយការណ៍ពិសេសអង្គការសហប្រជាជាតិថា ដើម្បីឲ្យអាជ្ញាធរ និងសង្គមស៊ីវិល កាន់តែយល់គ្នាច្បាស់នោះ រាជរដ្ឋាភិបាល បានបង្កើតវេទិការជួបគ្នា២ដងក្នុងមួយឆ្នាំគឺនៅខែមករា និងកក្កដា ដើម្បីឲ្យសង្គមស៊ីវិលលើកឡើងពីក្ដីកង្វល់ផ្សេងៗយកមកពិភាក្សាដោះស្រាយជាមួយគ្នា ធ្វើយ៉ាងណាឲ្យសង្គមស៊ីវិលអាច បំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ហើយអាជ្ញាធរក៏មានលទ្ធភាពអនុវត្តភារកិច្ចស្របតាមច្បាប់កំណត់។

ចំពោះការអនុវត្តសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលនៅកម្ពុជា សម្ដេចក្រឡាហោម បានជំរាបជូនថាអ្វីដែលសំខាន់បំផុតនោះ គឺការជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមករវាងសង្គមសុីវិល និងអាជ្ញាធរ ពោលគឺបើសិន ជាសង្គមស៊ីវិល និងអាជ្ញាធរមានការទុកចិត្តគ្នា ហើយធ្វើការ ដើម្បីផលប្រយោន៍រួមនោះ គឺនឹងមិនមានអ្វីជាបញ្ហាប្រឈមដល់ទំនាក់ទំនងរវាងភាគីទាំងពីរនោះទេ។

ចំពោះយន្តការច្រកចេញចូលតែមួយ ដែល លោកស្រី រ៉ូណា ស្មីត ចង់ដឹងអំពីវឌ្ឍនភាព នៃការអនុវត្ត សម្ដេចឧបនាយករដ្ឋមន្រ្តី បានជំរាបជូនថា ក្រសួងមហាផ្ទៃ បានខិតខំ ពង្រីក ការិយាល័យច្រកចេញចូលតែមួយនេះ បានជាង១០០ការិយាល័យហើយ និងថាក្រសួងក៏កំពុងខិតខំអនុវត្តតាមពង្រីកទៅតាមតំបន់មិនទាន់មានការិយាល័យ ច្រកចេញ ចូលតែមួយ និងពង្រឹងការិយាល័យ ដែលមានស្រាប់ ដើម្បីឲ្យគុណភាពនៃការផ្ដល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់។

ចំណែកយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្ត នោះ សម្ដេចក្រឡាហោម ស ខេង បានជំរាបជូនអ្នករាយការណ៍ពិសេស ថាពិតជាមានការឃាត់ខ្លួន និងចាប់ខ្លួនអ្នកប្រព្រឹត្តល្មើសច្រើននៅក្នុងយុទ្ធនាការនេះ ដែលបានធ្វើឲ្យមានការចង្អៀតណែននៅតាមពន្ធការ ប៉ុន្តែសម្ដេចបានមានប្រសាសន៍អំពីការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីដោះស្រាយ ទាំងពន្ធនាគារ និងមជ្ឈមណ្ឌល ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

បន្ទាប់មក លោកស្រី រ៉ូណា ស្មិត បានស្នើសុំសម្ដេចក្រឡាហោម ស ខេង ជួយជំរុញ បន្ថែមទៀតនូវយន្តការជួបគ្នារវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដោយធានារៀបចំឲ្យបានទៀងទាត់តាមកាលកំណត់ និងផ្ដល់ពេលវេលាឲ្យបានសមស្រប ដើម្បីឲ្យសង្គមសុីវិលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមបញ្ចេញមតិយោបល់ផ្សេងៗ ធ្វើឲ្យវេទិការនេះទទួលបានលទ្ធផលជាវិជ្ជមាន។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ ក៏បានជំរាបជូនសម្ដេចដែរថាលោកស្រី ពិតជាមើល ឃើញអំពីសារៈសំខាន់នៃការអនុវត្តច្រកចេញចូលតែមួយ ដែលយន្តការ នេះវាមានសារៈសំខាន់ក្នុងការចូលរួមអនុវត្តចំណុចទី១៦នៃទិសដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្នុងការរួមចំណែកកាត់បន្ថយអំពើពុករលួយ និងពង្រឹងតម្លាភាពនៃការផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ៕