កម្ពុជា-ហ្វីលីពីនបន្តអនុវត្តកិច្ចសហប្រតិបត្តិការជួយពលករទៅវិញទៅមក


(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម Christopher B.MONTERO ឯកអគ្គរដ្ឋទូត សាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ដោយ
ភាគីទាំងពីរបានបន្តអនុវត្តនូវសេចក្តីថ្លែងការរួមដែលបានចុះហត្ថលេខាព្រមព្រៀមគ្នាពីការធ្វើកិច្ចសហប្រតិបត្តិការជួយពលករទៅវិញទៅមកាលពីខែធ្នូ
ឆ្នាំ២០១៧កន្លងមក។

ក្នុងជំនួបនាព្រឹកថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា តាមស្មារតីកិច្ចសហប្រតិបត្តិការទេ្វភាគីមួយនេះ បានផ្តល់សេវាដល់ពលករ
ទាំងក្នុងនិងក្រៅប្រទេសអាចប្រើប្រាស់បានតាមរយៈស្ថានទូតដែលមានទីតាំងនៅប្រទេសណាមួយ។

ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ឯកឧត្តមអគ្គរដ្ឋទូតហ្វីលីពីន សូមជួយផ្សព្វផ្សាយ និងជូនដំណឹងដល់ពលករ
ហ្វីលីពីនដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ៣៥០០នាក់ ដោយក្នុងនោះមានពលករខ្លះមិនទាន់បានចុះបញ្ជីធ្វើប័ណ្ណការងារនៅឡើយ ដូច្នេះ សូមចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង ដើម្បីទទួលបានប័ណ្ណការងារ និងភាពស្របច្បាប់ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជាពលករកម្ពុជាដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជានិងហ្វីលីពីនមិនទាន់មានកិច្ចសហប្រតិបត្តិការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅឡើយនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីចង់អោយមានកិច្ចសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេសនេះទទួលស្គាល់ជំនាញពីគ្នាទៅវិញទៅមកដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម អ៉ិត សំហេង
បានអបអរសាទដល់ឯកឧត្តមអគ្គរដ្ឋទូត
បានបំពញបេសកម្មការទូតនៅកម្ពុជាដោយជោគជ័យ ។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថាពេលវេលាពិតជាលឿនណាស់សម្រាប់ឯកឧត្តមអគ្គរដ្ឋទូតក្នុងការបំពេញបេសកម្មដ៏មានអត្ថន័យមួយនេះនៅលើទឹកដីកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចាប់ពីដើមរៀងមកដល់ពេលនេះ មានភាពល្អប្រសើរទាំងកិច្ចសហប្រតិបត្តិការលើកផ្នែកនយោបាយ សេដ្ឋកិច្ច និងទេសចរណ៍ ។ កិច្ចសហប្រតិបត្តិការនេះបានធ្វើឲ្យអ្នកវិនិយោគ ហ្វីលីពីនអញ្ជើញមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះដែរ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋហ្វីលីពីនបញ្ចប់អណត្តិនៅកម្ពុជា បានឯកភាពនូវការលើកឡើងរបស់ឯកឧត្តម អុិត សំហេង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងការជួយពលករដែលកំពុងបម្រើការងារនៅបណ្តាប្រទេសមួយចំនួន៕