កូរ៉េមានគម្រោងសហប្រតិបត្តិការលើវិស័យបរិស្ថាននិងវិនិយោគនៅខេត្តព្រះសីហនុ


ទីស្តីការក្រសួងបរិស្ថាន នៅច័ន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Kun Kilee ប្រធានសមាគមន៍សំណង់ និងវិស្វកម្មកូរ៉េ អញ្ជើញជួបសំដែងការគួសម និងពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាលើផ្នែកវិស្វកម្ម និងសំណង់ ក៏ដូចជាចូលរួម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ កំពង់ផែ ផ្លូវរថភ្លើង និងព្រលានយន្តហោះផងដែរ។ នាឱកាសនោះ លោក Kun Kilee បានចាប់អារម្មណ៍លើការពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងបរិស្ថាននៅកម្ពុជា ជាពិសេសគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងទេសចរណ៍យ៉ាងសំខាន់របស់កម្ពុជា ហើយ ខេត្តនេះកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន័ថា ប្រទេសកម្ពុជា កំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាប្រចាំ ក្នុងនោះមានបណ្តាប្រទេសផ្សេងៗជាច្រើនបានចូលរួមវិនិយោគ ហើយក្នុងនោះ ក៏បានគាំទ្រក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនានាក្នុងការចូលរួម និងជំរុញការអភិវឌ្ឍនៅប្រទេសកម្ពុជា ជាពិសេសការលើកកម្ពស់វិស័យបរិស្ថាន៕