ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យច្រកចេញចូលតែមួយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យច្រកចេញចូលតែមួយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ពិធីនេះដែរក៏មានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងស្រុកសំរោងទងផងដែរ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតយន្តការច្រកចេញ ចូលតែមួយ នៅគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលឲ្យស្របតាមគោលការណ៍ នៃរដ្ឋបាលឯកភាព និងអភិបាលកិច្ចល្អ ជាពិសេសការបង្កើតឡើងនូវអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានី ខេត្តទូទាំង ប្រទេស និងការិយាល័យច្រកចេញ ចូលតែមួយតាមបណ្តាក្រុង ស្រុក នៅទូទាំងប្រទេស ដែលបានកំពុងនឹងអនុវត្តការផ្តល់សេវាជូនប្រជាពលរដ្ឋ ។ ហើយក្នុងឆ្នាំ ២០១៩ នេះផងដែរ ក្រសួងមហាផ្ទៃ បានកំណត់យកស្រុកគោលដៅចំនួន ២៩ នៃខេត្តចំនួន ២១ បន្ថែមទៀត សម្រាប់បង្កើតការិយាល័យច្រកចេញ ចូលតែមួយ ក្នុងនោះក៏មានស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺផងដែរ។

ឯកឧត្តម បានបន្ដទៀតថា ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុក មានតួនាទី ភារកិច្ចក្នុងការផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យរួមមានសេវារដ្ឋបាល ដែលកំពុងផ្តល់ដោយរដ្ឋបាលស្រុក និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរ អង្គភាពជំនាញនានា “នៅកន្លែងតែមួយ” ។ ការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយតាមរយៈការិយាល័យច្រកចេញចូលតែមួយនេះ គឺបានលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អតាម រយៈការពង្រឹងវិសាលភាពសេវាកម្ម ដែលផ្តល់ដោយរដ្ឋបាលស្រុក ឱ្យបានទូលាយដោយផ្តល់ជូនអតិថិជននូវសេវាកម្ម ព្រមទាំងបានឆ្លើយតបបានទាន់ពេលវេលាទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នទូទាំងខេត្តកំពង់ស្ពឺយើងមាន អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ និងការិយាល័យច្រកចេញ ចូលតែមួយក្រុងច្បារមន ដែលបានចាប់ផ្តើមដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១ ,ការិយាល័យច្រកចេញ ចូលតែមួយរបស់ស្រុកឧដុង្គ ដែលចាប់ផ្តើម ដំណើរការចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ ហើយថ្ងៃនេះ យើងក៏បានរៀបចំសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវការិយាល័យច្រកចេញ ចូលតែមួយ នៃរដ្ឋបាលស្រុកសំរោងទង ដែលមានអគារទំហំ ១០មx២០ម ព្រមទាំងបានបំពាក់សម្ភារៈបច្ចេកទេស សង្ហារឹមគ្រប់គ្រាន់ដែលការចំណាយក្នុងការសាងសង់ បូករួមទាំងការបំពាក់សម្ភារៈផងដែរនោះសរុបជាថវិកាអស់ចំនួន ៤៤៦.៨៧០.០០០ លានរៀល ។