មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ស្លាកឈ្មោះអាជីវកម្មដែលខុស ឬមិនបានសុំច្បាប់ ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់


ប៉ៃលិន៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី បានគូសបញ្ជាក់ថា៖ ការលើកស្លាក អាជីវកម្មដែលពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ខុសពីឈ្មោះដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬមិនបាន សុំច្បាប់អនុញ្ញាត្តជាមុន ត្រូវតែទម្លាក់ចោលដើម្បីពង្រឹងការអនុវត្តច្បាប់ ពីព្រោះកម្ពុជាគឺជាប្រទេសនីតិរដ្ឋ និងជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងដូច្នោះ នាឱកាសដែលឯកឧត្តម និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះរុះរើស្លាកយីហោអាជីវកម្មរបស់ ជនជាតិចិន ស្ថិតនៅភូមិផ្សារព្រំ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៍បានធ្វើការណែនាំ និងពន្យល់ជនជាតិចិនដែលជាម្ចាស់ អាជីវកម្ម អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពី ពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុននានា នៅក្នុងប្រទេស កម្ពុជា។បន្ថែមលើនោះទៀត ឯកឧត្តម វេង សុធី ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា និង ច្បាប់ពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជនដែលជាក្បាលម៉ាស៊ីន សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ផាន់ ចាន់ធុល
អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ឱ្យដឹងថា៖ កន្លងមករដ្ឋ បាលខេត្ត តែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយនិងណែនាំដល់អាជីវករដែលបានលើកស្លាកយីហោក្នុងការប្រកបអាជីវកម្មផ្សេងៗ នៅតាមកន្លែងអាជីវកម្មនានាអោយបានត្រឹមត្រូវនិងមានច្បាប់អនុញ្ញាតិពីអាជ្ញាធរដែនដី ស្របតាម ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាកំណត់។

ឯកឧត្តមបន្តថា៖ដើម្បីអនុវត្តច្បាប់អោយមានប្រសិទ្ធភាពរដ្ឋបាលខេត្តនិងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើ រុះរើ ស្លាក យីហោរបស់អាជីវករចិនដែលបានលើកស្លាកយីហោខុសបច្ចេកទេសចេញ ហើយ អាជ្ញាធរមូលដ្ធានគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវសហការជាមួយមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធធ្វើការណែនាំពីនិតិវិធីនៃការដាក់ស្លាកយីហោអោយបានត្រឹម ត្រូវស្របតាមច្បាប់ គឺទី១-ត្រូវដាក់តាំងស្លាកយីហោ ជាអក្សរខ្មែរ នៅខាងលើ។២-ត្រូវសរសេរអក្សរអង់គ្លេសបន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម និងត្រូវមានទំហំអក្សរ មួយភាគពីរ (១/២) នៃទំហំអក្សរខ្មែរ។ទី/៣-ប្រសិនបើម្ចាស់អាជីវកម្មទេសចរណ៍មានបំណងប្រើប្រាស់អក្សរ បរទេស ទី៣ អាចដាក់បាននៅផ្នែកខាងក្រោមបន្ទាប់ទៀតដោយមានទំហំអក្សរមួយភាគពីរ (១/២) នៃទំហំ អក្សរខ្មែរដែរ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះមន្រ្តីជំនាញពាក់ព័ន្ធ និងកងកំលាំងគ្រប់លំដាប់ថ្នាក់ បានធ្វើការរុះរើ ស្លាកយីហោអាជីវកម្មជនជាតិចិនចំនួន ០២ទីតាំង ដែលទីតាំងទី១-គឺជាភោជនីយដ្ឋានចិន ឈ្មោះថា ឌឺហ្គជររហ្វវល និងទីតាំងទី២ គឺជា superrich the best casino ស្ថិតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។