ឯកឧត្តម ឈួរ ច័ន្ទឌឿន ចុះពិនិត្យមើលការរៀបចំបន្ទប់រៀនបណ្តោះអាសន្ននៅឃុំឆ្នុកទ្រូ ក្រោយពីអគារសិក្សា៣ខ្នងត្រូវភ្លើងឆេះ


កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរបានអញ្ជើញចុះទៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីជួបជាមួយមន្ត្រីអាជ្ញាធរដែនដីនិងលោកគ្រូ អ្នកគ្រូ នៅសាលាយុគន្ធរក្នុងឃុំឆ្នុកទ្រូ ពិភាក្សានិងពិនិត្យមើលការរៀបចំបន្ទប់សម្រាប់អោយសិស្សានុសិស្សបានរៀនជាបណ្តោះអាសន្ន ក្រោយពីអគារសិក្សាចំនួន៣ខ្នងត្រូវភ្លើងឆេះបំផ្លាញទាំងស្រុងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

លោកសឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈអគារសិក្សាដែលត្រូវអគ្គិភ័យឆេះបំផ្លាញកាលពីថ្ងៃអាទិត្យនោះ មានចំនួន៣ខ្នង ក្នុងនោះមានអគារសាលាមតេយ្យមួយខ្នង១បន្ទប់ បណ្តោយប្រវែង១២ម៉ែត្រនិងទទឹង៧ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីនិងសាលាបឋមសិក្សាមាន២ខ្នង៦បន្ទប់ ធ្វើពីឈើប្រក់ស័ង្កសី។

លោកប្រធានមន្ទីរបានអោយដឹងទៀតថា ក្រោយពីអគារសិក្សានេះត្រូវភ្លើងឆេះមន្ទីរបានសហការជាមួយការិយាល័យអប់រំស្រុក អាជ្ញាធរដែនដី និង លោកគ្រូ អ្នកគ្រូសុំខ្ចីសាលាឆាន់វត្តយុគន្ធជាបន្ទប់អោយសិស្សបានរៀនជាបណ្តោះអាសន្នសិនហើយសិស្សផ្អាករៀនតែថ្ងៃចន្ទមួយថ្ងៃប៉ុណ្ណោះ ដោយពួកបានចូលរៀនវិញនៅថ្ងៃអង្គារ៍ទី១១ មិថុនានេះ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានសំដែងនូវការសោកស្តាយចំពោះគ្រោះអគ្គិភ័យដែលបានឆេះបំផ្លាញអគារសិក្សារួមទាំងសម្ភារះមួយចំនួនផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្ស ជាបន្តទៀតបើទោះបីជួបការលំបាកខ្លះៗក៏ដោយ។

ក្នុងឱកាសនោះឯកឧត្តមឈួរ ច័ន្ទឌឿនបានឧប
ត្ថម្ភថវិកាចំនួន៧ ០០០ ០០០ រៀលសម្រាប់រៀបចំបន្ទប់សិស្សរៀនបណ្តោះអាសន្នផងដែរ ។