អន្តរក្រសួងពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើដីវិនិយោគរបស់ក្រុមហ៊ុនតូតាល់កម្ពុជា នៅក្នុងស្រុកគៀនស្វាយ ខេត្តកណ្តាល


នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ របស់ក្រុមហ៊ុនតូតាល់កម្ពុជា លើទំហំផ្ទៃដី៤៤.១០៥ម៉ែត្រការេ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ហ្គ្រីន ។

បន្ទាប់ពីកិច្ចពិភាក្សានិងការចូលរួមត្រួតពិនិត្យ និងផ្តល់យោបល់ពីអ្នកចូលរួម កិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖
១.គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន
២.ដាក់ពោងសញ្ញាជូនដំណឹង និងភ្លើងបំភ្លឺនៅពេញយប់នៅទីតាំងចំណតកប៉ាល់ និងក្នុងករណីមានកប៉ាល់ចូលចត
៣.ត្រួតពិនិត្យប្រព័ន្ធពន្លត់អគ្គិភ័យ (ទាំងប្រព័ន្ធបាញ់ទឹក និង Foam) ជាប្រចាំ ដើម្បីធានាថាប្រព័ន្ធការពារទាំងនោះនៅដំណើរការតាមបច្ចេកទេស ១០០%
៤.ត្រួតពិនិត្យប្រព័ន្ធ Detect សារធាតុប្រេង និងចំហាយប្រេង នៅតាមពោងស្តុកជាប្រចាំ
៥.រៀបចំបន្ទប់សម្រាប់ស្តុកសំណល់ធុងសារធាតុបន្ថែមឱ្យបានត្រឹមត្រូវ ចៀសវាងការសាយភាយក្លិន និងលេចជ្រាបចេញក្រៅក្នុងករណីមានភ្លៀងធ្លាក់
៦.ត្រួតពិនិត្យប្រព័ន្ធអាងច្រោះប្រេងជាប្រចាំ និងធ្វើការវិភាគគុណភាពទឹកសំណល់រាវដែលបានច្រោះរួច ដើម្បីធានាថាសំណល់រាវដែលបង្ហូរចេញទៅគោរពតាមស្តង់ដារ
៧.ផ្តល់ឧបករណ៍ និងសម្ភារៈការពារសុវត្ថិភាពសម្រាប់បុគ្គលិក-កម្មករឱ្យបានគ្រប់គ្រាន់
៨.ក្រុមហ៊ុនត្រូវសហការល្អជាមួយអាជ្ញាធរ និងចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
៩.ក្រុមហ៊ុនទីប្រឹក្សាត្រូវទទួលយក និងកែសម្រួលតាមមតិយោបល់មន្រ្តីជំនាញជាសមាជិកអង្គប្រជុំទាំងអស់។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះ មានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក) មន្ទីរបរិស្ថានខេត្តកណ្តាល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា។