កិច្ចប្រជុំពិភាក្សាជាមួយទីប្រឹក្សាបច្ចេកទេសកូរ៉េ (KCI) ស្តីពី ទិដ្ឋភាពបច្ចេកទេសនៃការសិក្សាលម្អិតគម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨


ថ្ងៃចន្ទ ១០កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួល គម្រោងផ្លូវជាតិលេខ៤៨ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយទីប្រឹក្សាបច្ចេកទេសកូរ៉េ (KCI) ស្តីពី ទិដ្ឋភាពបច្ចេកទេសនៃការសិក្សាលម្អិតគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពី សមាជិកសមាជិកាគម្រោង ទីប្រឹក្សាបច្ចេកទេសកូរ៉េ (KCI) និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីសម្រេចទៅលើបញ្ហាដែលនៅសេសសល់មួយចំនួនកាលពីកិច្ចប្រជុំលើកមុន និងបន្តពិនិត្យពិភាក្សាលើរបាយការណ៍លើកទីបួនរបស់ក្រុមប្រឹក្សាបច្ចេកទេសកូរ៉េ ដែលបានធ្វើការសិក្សាលម្អិតទៅលើប្លង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។

អង្គប្រជុំបានធ្វើការពិភាក្សា និងផ្តល់យោបល់ដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ (KCI) ដើម្បីធ្វើការពិនិត្យឡើងវិញ និងធ្វើការកែតម្រូវទៅលើចំនុចបច្ចេកទេសមួយចំនួនក្នុងរបាយការណ៍ដែលមិនទាន់ឆ្លើយតបទៅនឹងបទដ្ឋានបច្ចេកទេស។

សូមបញ្ជាក់ជូនថា៖ ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលទទួលរងការ ខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗទៀត ហើយបច្ចុប្បន្នកំពុងឋិតក្នុងគម្រោងសិក្សាលទ្ធភាពស្តារ និងធ្វើឱ្យប្រសើរឡើង ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ(EDCF)។