ម៉ាឡេសុី ចាប់អារម្មណ៍វិនិយោគលើការដាំដុះកសិកម្ម ការនាំចេញអង្ករ និងសាងសង់ផ្ទះស្នាក់នៅមានតម្លៃសមរម្យ លើទឹកដីខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាល ពិភាក្សាការងារជាមួយ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក Eldeen Husaini BIN MOHD HASHIM (អែលឌីន ហាស់សាយនី ប៊ីន មហា ស៊ីម) ដែលចាប់អារម្មណ៍វិនិយោគ លើទឹកដីខេត្តត្បូងឃ្មុំ។

នាឪកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការលើកបង្ហាញប្រាប់ពីស្ថានភាពភូមិសាស្ត្រដ៍ល្អ មានលក្ខណៈអំណោយផលល្អ នូវសក្តានុពលលើវិស័យនានា ពិសេសលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលមានដំណាំស្រូវ កៅស៊ូ និងម្រេច។

ឯកឧត្តមបណ្ឌិត ថ្លែងប្រាប់បន្តថា ចំពោះកម្រិតGDPរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលមានកំណើនគួរអោយកត់សម្គាល់ បើប្រៀបធៀបជាមួយ GDPប្រជាពលរដ្ឋ ទូទាំងប្រទេស ពិសេសស្ថានភាព ទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួល ច្រើនសម្រាប់ការចរាចរ ព្រោះខេត្តត្បូងឃ្មុំ មានព្រំដែនជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ០៧ច្រក ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រស័យ ។

ថ្លែងលើកឡើងនាពេលនោះ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា​ ពិសេសខេត្តត្បូងឃ្មុំ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ដល់ក្រុមហ៊ុនម៉ាឡេស៊ីដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការជម្រុញការនាំអង្ករទៅប្រទេសម៉ាឡេស៊ី ។

លោក បន្តថា បច្ចុប្បន្នមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កំពុងប្រកបធុរកិច្ចនៅកម្ពុជាដោយរលូន និងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនទៀត បានសម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសខេត្តត្បូងឃ្មុំ ក្នុងការវិនិយោគលើការនាំអង្ករចេញ ការដាំដុះដំណាំកសិកម្ម និងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់លំនៅដ្ឋានមានម្លៃសមរម្យ ដែលជា គម្រោងកសាងផ្ទះស្នាក់នៅ ធ្វើសម្រាប់ប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ និងប្រជាពលរដ្ឋក្រីក្រអាចមានលទ្ធភាពទិញស្នាក់នៅ ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា ខេត្តត្បូងឃ្មុំ សូមស្វាគមន៍ចំពោះ ការវិនិយោគនៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី ពិសេសលើការសាងសង់ផ្ទះស្នាក់នៅ ដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ក្នុងខេត្ត។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានជំរុញអោយខាងម៉ាឡេស៊ី បង្កើនទំនាក់ទំនងផងដែរ ទៅលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ពិសេសខេត្តត្បូងឃ្មុំ​។

ស្ថិតក្នុងឪកាសដ៍ស្និទ្ធស្នាលនោះ លោកឯកអគ្គរាជទូត ក៏បានគោរពអញ្ជើញឯកឧត្តមបណ្ឌិតអភិបាលខេត្ត និង ក្រុមការងារ ទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី សិក្សា ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក ក្នុងគម្រោងការអភិវឌ្ឍន៍លំនៅដ្ឋានរបស់ក្រុមហ៊ុនម៉ាឡេស៊ី នៅខេត្តត្បូងឃ្មុំវិញផងដែរ៕