ជំនួបជាមួយក្រុមប្រឹក្សាចិនសម្រាប់ការជម្រុញពាណិជ្ជកម្មអន្តរជាតិ(CCPIT)


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច​ ខែជេស្ឋ ឆ្នាំកុរ ឯក​ស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាចិនសម្រាប់ការជម្រុញពាណិជ្ជកម្មអន្តរជាតិ(CCPIT) ដែលដឹកនាំដោយលោក Lu Ning ប្រធានផ្នែកនៃនាយកដ្ឋានកិច្ចការទូទៅនៃការស្រាវជ្រាវអភិវឌ្ឍន នៃក្រុមប្រឹក្សាចិនសម្រាប់ការជម្រុញពាណិជ្ជកម្មអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីសិក្សាអំពីទីផ្សារ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងស្វែងយល់ពីរចនាសម្ព័ន្ធ និងការងាររបស់សភាពាណិជ្ជកម្មកម្ពុជា។ ទន្ទឹមនឹងនេះដែរ​ លោក និងក្រុមការងារ ក៏មានគោលបំណងស្វែងយល់ពីការវិនិយោគរបស់ក្រុមហ៊ុនចិននៅប្រទេសកម្ពុជា និងស្នើសុំឲ្យសភាពាណិជ្ជកម្មកម្ពុជាចែករំលែកអំពីឯកសារទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងចិន និងការសហការល្អនាពេលអនាគត។

ជាកិច្ចឆ្លើយតប ឯកឧត្តម ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្នុងការចែករំលែកអំពីព័ត៌មានសេដ្ឋកិច្ច និងការវិនិយោគទាំងឡាយ ដល់លោក Lu Ning ។ ឯកឧត្តម ក៏មានប្រសាសន៍បន្តទៀតថា សភាពាណិជ្ជកម្មកម្ពុជា តែងតែស្វាគមន៍និងគាំទ្រដល់ការសហការផ្សេងៗ ដើម្បីជាផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ។