សម្តេចភក្តី សាយ ឈុំ ដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៤


ព្រឹក ថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ
មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទី នៅវិមានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៤ដោយមានរបៀបវារៈ ៖
១-ពិនិត្យ និងសម្រេច លើសំណើរបស់គណៈកម្មការសាធារណការដឹកជញ្ជូន
អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរួបនីយកម្ម និងសំណង់ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤។
២-ពិនិត្យ និងសមេ្រច លើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយមអភិវឌ្ឍន៏ជនបទ និងបរិស្ថាន ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ព្រឹទ្ធសភានីតិកាលទី៤។
៣-ពិនិត្យ និងសមេ្រចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៏ជនបទ និងបរិស្ថាន ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េតស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤។
៤-ពិនិត្យ និងសមេ្រចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៏ជនបទ និងបរិស្ថាន ព្រឺទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤។
៥-ពិនិត្យ និងសមេ្រចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយមអភិវឌ្ឍន៍ជនបទ និងបរិស្ថាន ព្រឺទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤។
៦-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤។
ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តម គង់ សារាជ ប្រធានគណកម្មការទី៩ និងឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណកម្មការទី៣ ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៥ខាងលើ និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់អង្គប្រជុំរួចមក…អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានអនុម័តជាឯកច្ឆ័ន្ទតាមសំណើរបស់គណកម្មការទី៩ និងគណកម្មការទី៣ ដាក់សេចក្តីព្រាងច្បាប់ទាំង៥ខាងលើទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ និងឲ្យយោបល់ដោយចាត់ទុកជាការប្រញាប់..និងអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៣ព្រឹទ្ធសភានីតិកាលទី៤នៅថ្ងៃអង្គារទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០ព្រឹក ដោយមានរបៀបវារៈគឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ខាងលើ…៕