រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងមកការពារសេចក្តីព្រាងច្បាប់


នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួងមកការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី “វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU ” ជាមួយគណ:កម្មការទី០៣ និងគណ:កម្ម ការទី០៥ នៃរដ្ឋសភា ដែលកិច្ចប្រជុំនេះស្ថិតក្រោមសហប្រធានឯកឧត្តមជា វ៉ាន់ដេត ប្រធានគណ:កម្មការទី០៣ និងឯកឧត្តម ឈាង វុន ប្រធានគណ:កម្មការទី០៥ និងឯកឧត្តម លោកជំទាវជាអនុប្រធាន សមាជិក និងសមាជិកាជាច្រើនរូបទៀត។

ជាបឋម ក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាដែលបានអនុញ្ញាតឲ្យដាក់ឆ្លងគណៈកម្មការទី៣ និងទី៥នៃរដ្ឋសភានូវសេចក្តីព្រាងច្បាប់ខាងលើនាពេលនេះ។ ថ្លែងហេតុជូនឯកឧត្តមសហប្រធាន និងសមាជិក សមាជិកានៃអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនដោយសង្ខេបនូវប្រវត្តិសង្ខេប និងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះដូចតទៅ៖
– កិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តដោយសន្និសីទអង្គការ FAO ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩
– បច្ចុប្បន្នមានប្រទេសចំនួន៦០ រួមទាំងសហភាពអឺរ៉ុបបានចូលរួមជាភាគីអនុវត្តកិច្ចព្រមព្រៀងនេះ ក្នុងនោះប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានចំនួន០៥
– គោលបំណង ទី១.ប្រយុទ្ធប្រឆាំងនិងលុបបំបាត់ IUU តាមរយៈការ អនុវត្តវិធានការរដ្ឋម្ចាស់កំពង់ផែឲ្យមានប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍ អភិរក្ស ប្រើធនធានមច្ឆជាតិ និងប្រព័ន្ធអេកូ ឡូស៊ីសមុទ្រឲ្យមានចីរភាពនិងនិរន្តរភាព។ ទី២. ធ្វើការទប់ស្កាត់ផលនេសាទ IUU ចូលទៅក្នុងទីផ្សារអន្តរជាតិ
– កិច្ចព្រមព្រៀងនេះ រួមមាន១០ផ្នែក និង៣៧មាត្រា និងត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាតាមរយ:កិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍សំខាន់ៗដូចជា៖ លើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹង IUU ស្តារទំនុកចិត្តក្នុងការប្រើទង់ជាតិកម្ពុជាដោយនាវាសហគមន៍អន្តរជាតិ កែលម្អតម្លាភាពក្នុងអភិបាលកិច្ចជលផល ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ ជំរុញកិច្ចសហប្រតិ បត្តិការថ្នាក់តំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹង IUU សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ហើយកម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែមដើម្បីឆ្លើយតបនឹង IUU និងជាពិសេសអាចឲ្យសហភាពអឺរ៉ុបដកកាតក្រហមចេញពីកម្ពុជាផងដែរ។