ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្ដម ជិន ង៉ុកធួក ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធកៅស៊ូវៀតណាម VRG និងសហការីដែលជាតំណាងក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូនៅកម្ពុជា


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្ដម ជិន ង៉ុកធួក ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធកៅស៊ូវៀតណាម VRG និងសហការីដែលជាតំណាងក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូនៅកម្ពុជា។

ជាបឋមឯកឧត្តម បានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្ត្រីអនុញ្ញាតឲ្យសម្ព័ន្ធកៅស៊ូវៀតណាមចូលជួបសម្តែងការគួរសម និងបានរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីជ្រាបអំពីការងារដាំដុះ និងការប្រមូលផលជ័រដែលសម្ព័ន្ធកៅស៊ូសម្រេចជៀជ័របានជាង ៥០% លើផ្ទៃដីដាំដុះសរុប។ ក្រៅពីការងារផលិតកម្ម លោកក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបផងដែរអំពីផែនការផលិតកម្ម ការសាងសង់រោងចក្រកែច្នៃជ័រនៅជនបទ និងការកសាងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ដែលសមិទ្ធផលទាំងអស់នោះវាបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាពរបស់បុគ្គលិក កម្មករ និងប្រជាពលរដ្ឋដែលរស់នៅជិតតំបន់វិនិយោគ និងជាពិសេសជួយលើកតម្កើងមុខមាត់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិតាមរយ:ការនាំចេញផលិតផលជ័រដែលផលិតនៅកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា សមិទ្ធផលដែល សម្ព័ន្ធកៅស៊ូសម្រេចបាននេះ គឺបានមកពីការជួយគាំទ្រ លើកទឹកចិត្ត និងផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រសើរពីសំណាក់មន្រ្តីជំនាញ អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា និងឯកឧត្តមថ្នាក់ ដឹកនាំទទួលបន្ទុកកៅស៊ូ និងជាពិសេសឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់នាពេលកន្លងមក។ ឯកឧត្តមប្រធានបានបញ្ជាក់ជូនថាក្នុងនាមឲ្យសម្ព័ន្ធកៅស៊ូ និងតំណាងក្រុមហ៊ុនវិនិយោគទាំងអស់នឹងបន្ត អនុវត្តផែនការសកម្មភាពឲ្យបានពេញលេញតាមអ្វីដែលសម្ព័ន្ធបានឯកភាពជាមួយក្រសួង និងជាពិសេសអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបច្ចេកទេសរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យនៃការអភិវឌ្ឍដំណាំកៅស៊ូនៅកម្ពុជានាពេលអនាគត។

នាឱកាសនេះ ក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្ព័ន្ធកៅស៊ូវៀតណាមសម្រេចបាន ពិសេសបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួង អគ្គនាកដ្ឋានកៅស៊ូ ក៏ដូចជាមួយអាជ្ញាធរដែនដីក្នុងរយ:ពេលកន្លងមក។ ក្រៅពីនេះ សម្ព័ន្ធកៅស៊ូបានអនុវត្តតាមផែនការមេក្នុងការដាំដុះ ការបំពេញបានតាមនីតិវិធីរដ្ឋបាល ច្បាប់ និងបច្ចេកទេសដែលបានឯកភាពជាមួយក្រសួង និងបានចូលរួមយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗដែលបានបង្កលក្ខណ:យ៉ាងល្អប្រសើរសម្រាប់ជីវភាពរស់នៅរបស់បុគ្គលិក កម្មកររបស់ក្រុមហ៊ុន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះឆន្ទ:បន្តធ្វើការវិនិយោគរបស់សម្ព័ន្ធកៅស៊ូ បើទោះបីស្ថិតក្នុងស្ថានភាពទីផ្សារជ័រមិនអំណោយផលផ្នែកតម្លៃក៏ពិត តែសម្ព័ន្ធនៅតែបន្តអនុវត្តគម្រោងវិនិយោគរហូតប្រមូលផលបានជាង ៥០% ដែលសកម្មភាពគឺពិតជាឆ្លើយតបបានត្រឹមត្រូវតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្រេចតេជោ ហ៊ុន សែន ក្នុងការដាំដុះ គ្រប់គ្រង និងជារួមបន្តអភិវឌ្ឍន៍ដំណាំកៅស៊ូកម្ពុជាប្រកបដោយចីរភាព និងនិរន្តរភាព។ មិនត្រឹមតែប៉ុណ្ណោះ សម្ព័ន្ធកៅស៊ូបានយកចិត្តទុកដាក់ទទួលខុសត្រូវលើកាតព្វកិច្ចបង់ពន្ធជូនរដ្ឋបានទាន់ពេលវេលាទៀតផង។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវថាក្រសួង ដែលមានអគ្គនាយកដ្ឋានកៅស៊ូជាសេនាធិការ នឹងរួមសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពិសេសអាជ្ញាធរដែនដីដើម្បីចាត់ វិធានការលុបបំបាត់បញ្ហាអនាធិបតេយ្យផ្សេងៗដែលកើតឡើងជាយថាហេតុជាបន្ទាន់។

ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថាក្នុងពេលអនាគតដ៏ខ្លី លោកនឹងដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពរបស់ក្រុមហ៊ុននៅតាមបណ្តាខេត្តគោលដៅវិនិយោគ។