អភិបាលខេត្តតាកែវ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងវត្តកោះ ស្ថិតនៅឃុំបាស្រែ ស្រុកអង្គរបុរី ដែលចំណាយសាងជាងថវិកាជាង ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក


តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ៦ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ លោក ឌឹម កឹមសាន អភិបាលស្រុកអង្គរបូរី និងមន្ត្រីសាលាស្រុក រួមជាមួយពុទ្ធបរិស័ទចំណុះជើង វត្តជាច្រើនកុះករ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា ក្នុងវត្តកោះស្ថិតនៅឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលចំណាយថវិការសាងសង់ជាង ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

មានប្រសាសន៍នាឱកាសនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការថ្លែងការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាកសាង និងធ្វើការអភិវឌ្ឍន៍សមទ្ធិផលនានា នៅក្នុងទីវត្តអារាមដែលទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនា សម្រាប់ចូលគោរពបូជា។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា បើសិនប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពប្រកបរបរបានដោយសេរី នឹងមានជីវភាពធូរធា ប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចកម្ពុជាសព្វថ្ងៃនេះ។

បើយោងតាមការបញ្ជាក់ពី លោក ឌឹម កឹមសាន អភិបាលស្រុកអង្គរបូរី បានអោយដឹងថាសមិទ្ធផលនានាដែលនឹងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ នៅវត្តកោះ នាពេលនេះ គឺចំណាយថវិកាអស់ជាង ២០៥,១៧៥ដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីការចូលរួមពុទ្ធបរិស័ទ និងមហាជនគ្រប់ទិសទី ដូច្នេះហើយទើបលោកគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តនិងពុទ្ធបរិស័ទ្ធ រួមជាមួយសប្បុរសជន គ្រប់មជ្ឈដ្ឋាន និងក្រុមការងារចុះមូលដ្ឋានអាជ្ញាធរមូលដ្ឋាន បានរួមគ្នាសាមគ្គីបន្តកសាងសមិទ្ធផលឥតឈប់ឈរ៕