អាជ្ញាធរខេត្តព្រះសីហនុ ចុះរុះរើសំណង់គ្រោងដែកចំនួន២ទីតាំងដែលលួចសង់លើឆ្នេរអូរត្រេះ១


ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី 8 ខែកក្កដាឆ្នាំ 2019 នេះក្រុមការងារនៃគណៈកម្មការឆ្នេររបស់សាលាខេត្តព្រះសីហនុ បានចុះរុះរើសំណង់ដែលធ្វើទីគ្រោងដែកនៅលើទីតាំងដីតំបន់ឆ្នេរអូរត្រេះ១ក្រុងព្រះសីហនុ បានចំនួន២កន្លែងផ្សេងពីគ្នាដែលគេបានលបលួចសាងសង់ដោយគ្មានការអនុញ្ញាតហើយធ្វើអោយប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់នៃតំបន់ឆ្នេរ។

សំណង់នេះបើតាមមន្ត្រីជំនាញបញ្ជាក់ថាកន្លងមកធ្លាប់បានចុះធ្វើការហាមឃាត់មិនឲ្យធ្វើការសាងសង់ទេនិងបានទុករយៈពេលអោយរុះរើចេញវិញដោយខ្លួនឯងក៏ប៉ុន្តែម្ចាស់សំណង់នៅតែលួចបន្តធ្វើការសាងសង់មិនស្តាប់តាមការណែនាំឡើយ ទើបនៅរសៀលថ្ងៃទី 8 ខែកក្កដាឆ្នាំ 2019 នេះក្រុមការងារចម្រុះសម្រេចដឹកនាំកម្លាំងចុះយកគ្រឿងចក្ររុះរើចេញចេញតែម្ដង។

បើតាម លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានបញ្ជាក់ថា សំណង់រឹងមាំមិនត្រូវបានអនុញ្ញាតអោយសាងសង់លើតំបន់ឆ្នេរនេះបានទេ។ចំណែកសំណង់ដែលបានសង់ចាស់យូរហើយនោះត្រូវរក្សាស្ថានភាពដើមសិនរងចាំចំណាត់ការជាក្រោយស្រមតាមគោលការរបស់គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរកម្ពុជា គអឆក(ថ្នាក់ជាតិ)។

លោក តាំង សុចិត្តគ្រឹស្នា បន្ថែមថា ឆ្នេរអូរត្រេះនេះគ្រោងនឹងរៀបចំជាឆ្នេរគំរូ មួយវិញទៀតឆ្នេរនេះគ្រោងនឹងយកជាកន្លែងធ្វើពិធីបុណ្យសមុទ្រនៅឆ្នាំក្រោយផង។ដូច្នេះខេត្តត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន សោភណ្ឌភាពឆ្នេរអោយបានល្អប្រសើរមិនអាចអោយសាងសង់សំណង់មិនរៀបរយផ្តេសផ្តាសថ្មីទៀតបានទេ។តែលោកថា អាចអោយសង់ជាប្រភេទតូបស្បូវឬខ្យុះសម្រាប់ធ្វើប្រតិបត្តិការទេសចរណ៍បានស្របតាមការណែនាំពីមន្រ្តីជំនាញ។លោក ក៏បានស្នើប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំឆ្នេរនេះអោយកាន់តែមានការទាក់ទាញភ្ញៀវមកកំសាន្តកាន់តែច្រើនថែមទៀតនៅថ្ងៃអនាគត។

ទន្ទឹមនេះដែរ លោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ ក៏បានបញ្ជាក់ក្នុងនាមរដ្ឋបាលក្រុង សូមស្នើម្ចាស់តូបទាំងអស់នៅតាមឆ្នេរនេះត្រូវរួមសហការជាមួយអាជ្ញាធរកុំនាំគ្នាលួចសង់សំណង់រឹងមាំខុសច្បាប់លើឆ្នេរទៀតព្រោះទីនេះរដ្ឋកំពុងរៀបចំជាអោយបានស្អាតដើម្បីទាក់ទាញភ្ញៀវមកលេងកំសាន្តមិនអាចបណ្តែតបណ្តោយអោយមានការសាងសង់សំណង់គ្រឹៈលើឆ្នេរបានទេ។