សភាពាណិជ្ជកម្មកម្ពុជា និងចិនជួបគ្នាក្នុងរបត់ផ្លូវសូត្រ



សភា​ពាណិជ្ជ​កម្ម​កម្ពុជា និង​សភា​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ចិន បាន​ជួប​គ្នា​នៅ​ថ្ងៃ​ទី​១៣ ធ្នូ​នេះ ក្នុង​ការ​ជួយ​ជម្រុញ​ការ​អភិវឌ្ឍន៍​កម្ពុជា ​តាម​របត់​យុទ្ធ​សាស្ត្រ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ One Belt, One Road។
One Belt, One Road គឺ​ជា​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​មួយ ដាក់​ចេញ​ដោយ​មេដឹក​នាំ​ចិន លោក​ប្រធានា​ធិបតី​ ស៊ី ជិន​ពីង ផ្តោត​លើ​កិច្ច​​សហ​ប្រតិបត្តិ​ការ និង​ទំនាក់​ទំនង​ក្នុង​ចំណោម​ប្រទេស​សំខាន់ៗ​រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ក្នុង​សហ​គមន៍ អឺរ៉ាស៊ី ដែល​គេ​ស្គាល់​ថា ជា​ប្រទេស​លើ​ផ្លូវ​សូត្រ​នៃ​ខ្សែ​ក្រវ៉ាត់​សេដ្ឋ​កិច្ច Silk Road Economic Belt។
ជំនួប​នៃ​ការ​ជួយ​ជ​ម្រុញ​កម្ពុជា លើ​របត់​អភិវឌ្ឍន៍​យុទ្ធ​សាស្ត្រ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ នៅ​ថ្ងៃ​ទី១៣ នេះ បាន​ធ្វើ​តាម​រយៈ​គណៈ​ប្រតិភូ សភា​ពាណិជ្ជ​កម្ម​កម្ពុជា ដឹក​នាំ​ដោយ​ អ្នក​ឧកញា គិត ម៉េង និង​គណៈ​ប្រតិភូ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ចិន ដឹក​នាំ​ដោយ​អនុ​ប្រធាន លោក ស៊ូ ពីង នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។
មន្ត្រី​សភា​ពាណិជ្ជ​កម្ម​ទាំង​ ២​ប្រទេស បាន​ថ្លែង​ថា ក្នុង​ជំនួប​គ្នា​នេះ ភាគី​ទាំង​២ បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​បរិយា​កាស​សេដ្ឋ​កិច្ច និង​ឱកាស​វិនិយោគ​នៃ​ប្រទេស​នីមួយៗ និង​ភាគី​ទាំង​២ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ​ក្នុង​គោល​បំណង​រួម​គ្នា​សិក្សា​អំពី​ស្ថាន​ភាព សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​២​។
ប្រទេស​ចិន​គឺ​ជា​ប្រភព​ទុន​វិនិយោគ​ធំ​ជាង​គេ​នៅ​​កម្ពុជា​ ផ្អែក​តាម​ការ​កត់​ត្រា​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា ​​គឹ​ក្នុង​​រយៈ​​ពេល​​៥ឆ្នាំ​​ជាប់ៗ​គ្នា ពី​ឆ្នាំ​​២០១១ ដល់​ឆ្នាំ​២០១៥ កន្លង​មក​នេះ វិនិយោគ​ពី​ប្រទេស​ចិន​ចំពោះ​កម្ពុជា មាន​តម្លៃ​បរិមាណ​សរុប ៤ពាន់ ​៩រយ​លាន​ដុល្លារ​អាមេរិក។ កម្ពុជា និង​ចិន មាន​ផែន​ការណ៍​បង្កើន​វិនិយោគ​ទុន ចំនួន ៥ពាន់​លាន​ដុល្លារ រហូត​ដល់​ឆ្នាំ​២០១៧​។