ឯកឧត្តមអភិបាលខេត្តកំពតដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការកែលម្អសោភ័ណភាពក្រុង ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩


ព្រឹកថ្ងៃពុធ ១០កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការកែលម្អសោភ័ណភាពក្រុង ដើម្បីត្រៀមរៀបចំថបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល-អភិបាលរងក្រុងកំពត និងចៅសង្កាត់ទាំង៥ នៃក្រុងកំពតសរុប ចំនួន ២១រូប ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៌ដូចខាងក្រោម៖
១-ស្នើលោកចៅសង្កាត់ទាំង៥ ត្រូវមាន ឆន្ទះទទួលខុសត្រូវ លើការសំអាតអនាម័យ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងសំអាតស្មៅ និងកាត់មែកឈើ តាមដងផ្លូវឲ្យបានស្រលះ។
២-ស្នើអង្គការអភិរក្សធនធានធម្មជាតិ បញ្ជូនមនុស្ស១០នាក់ ក្នុងមួយសង្កាត់ ដើម្បីសំអាតអនាម័យជាប្រចាំ តាមបណ្តាសង្កាត់ទាំង៥ ។
៣-ឯកឧត្តមអភិបាលខេត្ត នឹងចេញចំណាយទិញ កុងទីណឺ ចំនួន៥ ដើម្បីដាក់សំរាមតាមបណ្តាសង្កាត់ទាំងប្រាំ សម្រាប់ជាទីតាំងមួយងាយស្រួលក្នុងការប្រមូលសំរាម។
៤-ស្នើ អភិបាលក្រុងកំពត ពិនិត្យនិង ណែនាំឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ។
៥-ស្នើឯកឧត្តមអភិបាលរងខេត្ត និងអភិបាលក្រុងកំពត ត្រូវចុះពិនិត្យសំណង់បេតិកភណ្ឌមានវ័យចំណាស់ និងទ្រុឌទ្រោមក្នុងក្រុងកំពត ដោយត្រូវជូនដំណឹងដល់ម្ចាស់ផ្ទះ ឈប់ស្នាក់នៅក្នុងផ្ទះនោះទៀត ជៀសវាងមានគ្រោះថ្នាក់ក្នុងប្រការណាមួយ។