សមត្ថកិច្ចក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បង្ក្រាបការលួចនាំចូលកាកសំណល់សំរាមចូលមកកម្ពុជា


សមត្ថកិច្ចនៃក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានបង្ក្រាបទាន់ពេលវេលាការលួចផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេសនៅខេត្តព្រះសីហនុ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សមត្ថកិច្ចដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តព្រះសីហនុ បានបើកប្រតិបត្តិការ និងសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ កុងទឺន័រចំនួន៨៣ទូរ រកឃើញសំរាមចំនួនជា១៦០០តោន។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចកិច្ចនឹងកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។ លើសពីនេះ ក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឱ្យមានការនាំចូលសំណល់សំរាមនេះមកកាន់ប្រទេសកម្ពុជា។ យោងតាមឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថាន ការបង្ក្រាបលើការនាំចូលសំរាមពីបរទេសមកចូលប្រទេសកម្ពុជានៅពេលនេះ បញ្ជាក់ពីកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការ ទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យចូលមកកម្ពុជាបាន។ តាមរយៈឯកឧត្តម នេត្រ ភក្រ្តា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានាជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តដែលបានចាត់វិធានការបង្ក្រាបបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពលើការនាំចូលទំនិញហាមឃាត់សំរាមនេះ។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ជាច្រើនលើករួចមកហើយថា “រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិកនិងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា”។