អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនវស្សា គ្រឿងសម្ភារ: និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តមង់ និងអំពាវនាវពលរដ្ឋ រួមគ្នាថែរក្សាសមិទ្ធផលវិស័យពុទ្ធចក្រ និងការពារសន្តិភាព ជាមួយសម្តចតេជោ


(ត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងលោក សេង សុខខឿនអភិបាលស្រុកត្បូងឃ្មុំ រួមជាមួយមន្ត្រីរាជការ បាននាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ​ ព្រមទាំងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តមង្គលបុរី ហៅវត្តមង់ ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់វិសយ័ព្រះពុទ្ធសាសនា និងគោរពប្រតិបត្តិតាមទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរdដ៍ផូរផង់តាំងពីបុរាណកាលតរៀងមក។

ក្នុងឱកាសនោះដែរឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរ សុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។

ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ថ្លែងបន្តថា ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ និងការកសាងលើគ្រប់វិស័យ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ហើយសុខសន្ដិភាពនេះ គឺបានមកពីការដឹកនាំដ៏រឹងមាំក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបណ្ឌិត ថ្លែងគូសបញ្ជាក់ថា កត្តាសុខសន្តិភាព មានសារៈសំខាន់ណាស់ សំរាប់ជម្រុញនូវការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យឆាប់បានរីកចំរើន ទាំងវិស័យអាណាចក្រ ពិសេសវិស័យពុទ្ធចក្រនេះ ហើយបើគ្មានសុខសន្តិភាពទេនោះ គ្មានការអភិវឌ្ឍន៍រីកចំរើនដូចសព្វថ្ងៃនេះដែរ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៍បានអំពាវដល់ពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ពិសេសសមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនា និងថែរក្សាការពារសន្តិភាព​ ឱ្យបានគង់វង្សជាដ៍រាបរៀងទៅ៕