ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រៀបចំវេទិកាថ្នាក់ស្រុក នៅស្រុកពញាក្រែក


នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការសិក្សាស្វែងយល់ និងប្រមូលព័ត៌មាន លើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មកពីឃុំទាំង៨ នៃស្រុកពញាក្រែក សរុបចំនួន ៩៧នាក់។

វេទិកាថ្នាក់ស្រុកនេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការអនុវត្តតួនាទី ភារកិច្ច គោលនយោយបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងតម្លៃត្រូវបង់ ការអនុវត្តគម្រោង វិនិយោគឃុំ សង្កាត់ និងនីតិវិធីគម្រោងផែនការថវិកា និងបញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ ដែលបានជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួននាពេលកន្លងមក។