ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ ប្រចាំខែកក្កដាឆ្នាំ២០១៩


កំពង់ឆ្នាំងៈ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាៈការសាមគ្គីនិងសហការគ្នាធ្វើអោយខេត្តកំពង់ឆ្នាំងមានការរីកចំរើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។ឯកឧត្តមបានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងឱកាសបើកសម័យប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី៣។កិច្ចប្រជុំមានការចូលរួមជាអធិបតី
ភាពពីឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់
ឆ្នាំងដោយមានការចូករួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្ត និងអភិបាក្រុងស្រុកផងដែរ។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បញ្ជាក់ថាៈការងារចាំបាច់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នេះត្រូវសហការអោយបានជិតស្និតជាមួយគណៈអភិបាលខេត្តចូលរួមដោះស្រាយសំណូមចាំបាច់និងសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។ ជាពិសេសបំពេញអោយបានតាមតួនាទីនិងភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវ ចូលរួមចំណែកក្នុងការជំរុញកិច្ចការអភិវឌ្ឍ និងលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាននិងត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់អោយទទួលបានជោគជ័យ។

ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាៈ ដើម្បីបន្តការងារដឹកនាំឲ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ។

ក្នុងកិច្ចប្រជុំបានផ្តោតលើការរៀបចំបទបញ្ជាផ្ទៃក្នុង និងការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាអាណត្តិទី៣ ពិនិត្យរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្ត ខែកក្កដានិងទិសដៅអនុវត្តន៍បន្ត៕