លោក អ៊ុក ថា ត្រូវបានប្រកាសតែងតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកែប


នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានរៀបចំពីធីប្រកាសសេចក្តីសម្រេចរបស់គណអចិន្ត្រៃយ៏គណកម្មាធិការកណ្តាល ស្តីពីការតែងតាំងមន្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប ។

ឯកឧត្តម សំ សារីន អនុប្រធានប្រចាំការ គណបក្សប្រជាជនខេត្តកែប បានអានទាំងស្រុងនូវសេចក្តីសម្រេចរបស់់គណអចិន្ត្រៃយ៏គណកម្មាធិការកណ្តាល ស្តីពីការតែងតាំងមន្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកែប គឺ លោក អ៊ុក ថា ត្រូវបានសម្រេចតែងតាំងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប ។

លោក អ៊ុក ថា ដែលត្រូវតែងតាំង ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានសន្យា និងប្តេជ្ញាយ៉ាងមុតមាំថា នឹងប្រឹងប្រែងអនុវត្តតួនាទីឲ្យបានល្អ ដើម្បីបម្រើប្រជាជន ជួយដោះស្រាយបញ្ហានានា ដែលកើតមានឡើងចំពោះប្រជាជនក្នុងមូលដ្ឋាន អោយស្របតាមគោលនយោបាយរបស់គណបក្ស គោលបំណងគឺកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ អោយមានភាពល្អប្រសើរ ។

ឯកឧត្តម កែន សត្ថា សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត មានប្រសាសន៍ថា នេះ គឺជាការសម្រេចរបស់គណអចិន្ត្រៃយ៏គណកម្មាធិការកណ្តាលគណបក្ស តាមរយ:ការស្នើសុំតែងតាំងរបស់គណអចិន្រ្តៃយ៍គណបក្សខេត្ត។ ការស្នើសុំតែងតាំងរបស់គណអចិន្រ្តៃយ៍គណបក្សខេត្តនេះ លុះត្រាតែមន្រ្តីរូបនេះមានលក្ខណះសម្បត្តិសមរម្យ មានសមត្ថភាពគ្រប់គ្រាន់ សក្កិសម និងទទួលបានការតែងតាំងនេះ។ ជាក់ស្តែង លោក អ៊ុក ថា ជាអភិបាលរងខេត្តកែប ជាប្រធានគណៈហិរញ្ញវត្ថុ របស់គណបក្សខេត្ត ទទួលបានការគាំទ្រច្រើនពីសមាជិកគណបក្សខេត្ត តាមរយះនៃការបោះឆ្នោត ជាពិសេសគឺសមាជិកអចិន្រ្តៃយ៍គណបក្សខេត្តនេះហើយ ។

ក្រោយពីតែងតាំង លោក អ៊ុក ថា ជាអនុប្រធានគណៈកម្មាធិករាគណបក្សប្រជាជនកម្ពុជាខេត្តរួចមក ឯកឧត្តមប្រធានគណបក្សខេត្ត មានសេចក្តីសង្ឃឹមយ៉ាងខ្លាំងថា លោក អ៊ុក ថា នឹងយកអស់កម្លាំងកាយ កម្លាំងចិត្ត និងឆន្ទៈដ៏មុះមុត ដើម្បីបម្រើរសេវាជូនប្រជាជនបានកាន់តែល្អប្រសើរ និងកាត់បន្ថយភាពក្រីក្របានយ៉ាងលឿន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។