សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី


នៅយប់ថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់ឯកឧត្តម SULEYMAN SOYLU រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី។

ឯកឧត្តម ជាថ្នាក់ដឹកនាំ និង មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងចំណុះក្រសួងមហាផ្ទៃជាច្រើនរូប បានអញ្ជើញជូនដំណើរសម្ដេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅក្នុងឱកាសរង់ចាំម៉ោងចេញដំណើរនៅអាកាសយានដ្ឋាន សម្ដេចក៏បានអញ្ជើញមានប្រសាសន៍សំណេះសំណាលអំពីការងារទូទៅ និងកម្មវិធីក្នុងដំណើរទស្សនកិច្ចនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម SULEYMAN SOYLU រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្រៅពីជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី សម្ដេចក្រឡាហោមស ខេង ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតាមបណ្ដា អង្គភាពអនុវត្តច្បាប់ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគីផងដែរ៕