វេទិកាបរិស្ថានប្រចាំឆ្នាំស្តីពីសក្តានុពលរបស់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរគំរូនៃការប្រើប្រាស់និងផលិតកម្ម


នៅវេលាព្រឹកនាថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីក្រុងយូកូហាមា ប្រទេសជប៉ុន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច ចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងវេទិកាបរិស្ថានប្រចាំឆ្នាំ២០១៩ ស្តីពីសក្តានុពលរបស់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរគំរូនៃការប្រើប្រាស់និងផលិតកម្ម (The Role of Consumers in Triggering Changes in Consumption and Production) ដែលសហការរៀបចំដោយក្រសួងបរិស្ថានជប៉ុន វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល មូលនិធិអាស៊ីអឺរ៉ុប មូលនិធិ Hanns Seidel Foundation -HSF និង មូលនិធិ ASEM SMEs Eco-Innovation Center -ASEC។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើង ក្នុងសុន្ទកថាបើកវេទិកា ដោយសង្កត់ធ្ងន់ពីមហិច្ឆតានៃការប្រែក្លាយពិភពលោកទៅកាន់ការអភិវឌ្ឍដោយចីរភាព ដែលជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។ នៅឱកាសនេះ វេទិកា បានផ្តោតការពិភាក្សាជាសំខាន់លើការរួមគ្នាដើម្បីសម្រេចបាននូវគោលដៅទី១២ ក្នុងបរិបទនៃកំណើនប្រជាពលរដ្ឋ ដែលបានកើនឡើងជាលំដាប់នៅលើពិភពលោក។ ក្នុងដំណាក់កាលនៃកំណើននេះ បណ្តាប្រទេស ជាពិសេសប្រទេសនៅតំបន់អាស៊ី បានខិតខំរួមគ្នាដើម្បីកាត់បន្ថយនូវគម្លាតនៃជីវភាពប្រជាពលរដ្ឋ។
ជាមួយនេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានវឌ្ឍនភាព នៃការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្ស ជាពិសេសលើវិស័យអប់រំ សុខភាព ការកាត់បន្ថយភាពក្រីក្រ និងការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពរបស់ប្រទេសកម្ពុជា ជាពិសេស ផ្តោតលើការអភិវឌ្ឍបៃតង។ ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ កម្ពុជាបានលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ផងដែរ។

សូមបញ្ជាក់ថា វេទិកាបរិស្ថានប្រចាំឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅដោយមានអ្នកចូលរួមសរុបចំនួនប្រមាណ ២៥០នាក់ មកពីស្ថាប័នធំៗចំនួនប្រមាណ៥០ នៅលើពិភពលោក ដែលមានគោលបំណងចែករំលែកនូវព័ត៌មាន បទពិសោធន៍ ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា នៃនៃការវិវត្តនៃសេដ្ឋកិច្ចនៅលើពីភពលោក ដែលផ្តោតជាសំខាន់លើតួនាទីរបស់អតិថិជន អ្នកប្រើប្រាស់ក្នុងការលើកកម្ពស់ និងកែប្រែការប្រើប្រាស់និងផលិតកម្ម។