ឯកឧត្តម ផៃ ស៊ីផាន បានហៅសេចក្តីថ្លែងការណ៍របស់លោក Mike Pompeo ថា ជាប្រវត្តិសាស្រ្តថ្មីរវាងកម្ពុជា-អាមេរិក


ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នេះបានហៅសេចក្តីថ្លែងការណ៍របស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកថា ជាប្រវត្តិសាស្រ្តថ្មីរវាងកម្ពុជា-អាមេរិក ។

ការថ្លែងរបស់ឯកឧត្តម ផៃ ស៊ីផាន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ បានប្រកាសស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជា ទៅនឹងព័ត៌មានដែលថាកម្ពុជាបានចុះកិច្ចព្រមព្រៀងដោយសម្ងាត់ឲ្យចិនបោះមូលដ្ឋានកងទ័ពនៅតំបន់រៀម ក្នុងទឹកដីខេត្តព្រះសីហនុ ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការបរទសអាស៊ាន-អាមេរិកលើកទី៥២ នៅទីក្រុងបាងកក ប្រទេសថៃ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានគូសបញ្ជាក់ថា អាមេរិកស្វាគមន៍ការការពារអធិបតេយ្យភាពដ៏ខ្លាំងក្លារបស់កម្ពុជា ហើយអាមេរិកក៏លើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជាផងដែរ។

ឯកឧត្តមផៃ ស៊ីផាន បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “សេចក្ដីថ្លែងការណ៍របស់ឯកឧត្តម Mike Pompeo គឺជាប្រវត្តិសាស្រ្ដថ្មីមួយបន្ថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។ ការគោរពទទួលស្គាល់របស់ឯកឧត្តម Mike PomPeo ចំពោះកិច្ចប្រឹងប្រែង និងសម្រេចចិត្តខ្ពស់ក្នុងកិច្ចការពារអព្យាក្រឹត និងអធិបតេយ្យភាពកម្ពុជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាប្រឆាំងនឹងព័ត៌មានប្រឌិតដ៏អាក្រក់នោះ គឺជាជោគជ័យរួមសម្រាប់ជាផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល” ។

ឯកឧត្តមបន្តថា នេះជាការលើកទឹកចិត្តមួយបន្ថែមទៀតដែលលោក Mike Pompeo បានណែនាំដល់ប្រទេសដទៃទៀត “យកគំរូកម្ពុជា ក្នុងកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួនឲ្យបានរឹងមាំ” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា នេះជាសារមួយដ៏មានសារៈសំខាន់ក្នុងការបញ្ចប់យុទ្ធនាការអមិត្ត និងញុះញង់របស់ជនក្រុម ឬអង្គការណាមួយដែលយកផលប្រយោជន៍នយោបាយរបស់ខ្លួនគេជាអាទិភាព ហើយបង្កើតអរិភាពរវាងប្រជាជាតិទាំងពីរខ្មែរ-អាមេរិក ដែលបង្កើតបាននូវកាយល់ច្រឡំដ៏អាក្រក់បំផុត។

ជាមួយនេះដែរ លោកបានថ្លែងអំណរគុណចំពោះលោក Mike Pompeo ក៏ដូចជាប្រជាពលរដ្ឋអាមេរិក ដែលឲ្យតម្លៃដល់សច្ចភាព និងសន្ដិភាព រួមជាមួយកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទរវាងប្រជាជាតិទាំងពីរ ៕