ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកនូវសាររំលែកទុក្ខ និងបច្ច័យរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ជូនគ្រួសារ សពលោកជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា


ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ និង បញ្ចុះធាតុ របស់លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា ជាលេខាធិការគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និង ទេសចរណ៍ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នាវេលាម៉ោង១០.០០នាទី ក្នុងជន្មាយុ ៧១ឆ្នាំ ដោយ រោគាពាធ ។ ពិធីបុណ្យនេះត្រូវបានប្រារព្វធ្វើនៅក្នុងទីវត្ត ខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

ពិធីបុណ្យខួបគម្រប់៧ថ្ងៃ និង បញ្ចុះធាតុ របស់លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីព្រះបរមរាជវាំង និង ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធ សភា ប្រចាំភូមិភាគទី៤ផងដែរ។

ក្នុងឱកាសនោះដែរ គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងជាតំណាងឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប បាននាំយកនូវសាររំលែកទុក្ខ និងបច្ច័យចំនួន ២លានរៀល របស់យសម្តេចពិជ័យសេនា ទៀ បាញ់ ជូនដល់ក្រុមគ្រួសារនៃសព។

បន្ទាប់ពីលោកតាអាចារ្យ ធ្វើកិច្ចទៅតាមកម្មវិធីនៃប្រពៃណីព្រះពុទ្ធសាសនារួចមក ក៏មានការនិមន្តព្រះសង្ឃ ចំនួន៧១អង្គ ដើមី្បធ្វើពិធីរាប់បាត្រឆ្លង ក្នុងកិច្ចបង្ហើយបុណ្យ។ ម៉្យាងទៀតពិធីរាប់បាត្រនេះ ក៏ជាការឧទ្ទិសមហាកុសលផលបុណ្យ ជូនទៅដល់ដូងវិញ្ញាណក្ខ័ន្ត និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្ធ លោកជំទាវ ស៊ឹង ស៊ីយុត បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ហើយសូមងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ ៕