ឯកឧត្តម អ៊ី ឈាន បន្តនាំយកស្បៀងអាហារ មុងសុវត្ថិភាព និងសម្លៀកបំពាក់ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារនៅភូមិស្រះពីតាឈន ខេត្តប៉ៃលិន


នៅរសៀល ថ្ងៃអង្គារ៍ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅជនបទចំនួន ១២០គ្រួសារ ក្នុងភូមិស្រះពីរតាឈាន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានរំលឹកពីការធ្វើសង្គ្រាមនៅតំបន់នេះ និងផលលំបាក នៃសង្គ្រាមបានធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនា និងអាចបែកបាក់ប្តីប្រពន្ធ និងកូន តែដោយអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបប្រជាជនមានឱកាសជួបជុំគ្នា មានឱកាសប្រកបរបរចិញ្ចឹមជីវិត មានឱកាសសិក្សារៀនសូត្រ ប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងនៅក្នុងទីប្រជុំជន ក៏ដូចនៅតំបន់ជនបទ លើសពីនេះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ បានប្តេជ្ញាយ៉ាងមុតមាំថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍នៅគ្រប់មូលដ្ឋានប្រកបដោយចិរភាព។
ឯកឧត្តម ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ សូមកុំអោយលង់ជឿឧបាយកលដ៏អាក្រក់ស្មោករោគណាមួយរបស់ក្រុមទណ្ឌិតក្បត់ជាតិ ទៅចូលរួមចលនាណាមួយដែលខុសទៅនឹងច្បាប់របស់រដ្ឋ ដោយបងប្អូនងាកមកខិតខំបង្ករបង្កើនផលដំណាំ បង្កើនជីវភាពគ្រួសារអោយបានធូរធារ ពិសេសគ្រប់ក្រុមគ្រួសារ សូមចៀសអោយឆ្ងាយពីបញ្ហាគ្រឿងញៀន ដែលអាចបំផ្លាញយើងគ្រប់ពេលផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី២ ដែលឯកឧត្តម បាននាំយកស្បៀងអាហាររួមមានប្រហុក សម្លៀកបំពាក់ មុងសុវត្ថិភាព មកផ្តល់ជូនប្រជាពលរដ្ឋជ៊រស់នៅជនបទ គឺដើម្បីទុកសម្រាប់បរិភោគនៅរដូវវស្សា និងការពារកុំឲ្យមុសខាំ ដោយនៅពេលមានភ្លៀងធ្លាក់ប្រជាពលរដ្ឋមិនអាចធ្វើដំណើរចេញទៅឆ្ងាយបាន។