អាជ្ញាធរអគ្គិសនី ៖ ពួកប្រឆាំង ធ្វើបាតុកម្ម មិនឲ្យធ្វើវ៉ារីអគ្គិសនី ប៉ុន្ដែស្រែក ខ្វះអគ្គិសនី ប្រើប្រាស់ទៅវិញ


ភ្នំពេញ ៖ ក្រោយពួកប្រឆាំង តែងតែនាំគ្នាធ្វើបាតុកម្មប្រឆាំង ទៅនឹងការអភិវឌ្ឍវ៉ារីអគ្គិសនី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនី បានតបថា អាជ្ញាធរអគ្គិសនី និងភាគីពាក់ព័ន្ធមួយចំនួនបាននាំគ្នាកសាង និងអភិវឌ្ឍន៍វ៉ារីអគ្គិសនី ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋប្រើប្រាស់ គ្រប់គ្រន់ ប៉ុន្ដែពួកក្រុមប្រឆាំង បែរជានាំគ្នាធ្វើបាតុកម្ម ចំពោះការអភិវឌ្ឍ ហើយបែរនាំគ្នាស្រែកថា ខ្វះអគ្គិសនីប្រើប្រាស់ទៅវិញ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍ថា យើងអភិវឌ្ឍន៍អគ្គិសនីនៅក្នុងព្រៃ ដោះមីនផង អភិវឌ្ឍន៍ផង ការពារផង។ បងប្អូនប្រជាពលរដ្ឋបានឃើញហើយ នៅពេលដែលយើងខំបុណ្ណឹង នៅមានអ្នកប្រឆាំងផ្កាប់មុខមួយចំនួន ធ្វើបាតុកម្មប្រឆាំងមិនឲ្យមានការអភិវឌ្ឍវ៉ារីអគ្គសនី។ នៅវៀតណាមគេអភិវឌ្ឍន៍វ៉ារីអគ្គិសនីបានយ៉ាងច្រើន ហើយនៅយើងបានមួយ ឬពីរ ជេរផង ប្រមាថផង” ។

ជាងនេះទៅទៀត ឯកឧត្តមបន្ថែមថា នៅឆ្នាំ២០២០ខាងមុខ ការប្រើប្រាស់កាំរស្មីពន្លឺព្រះអាទិត្យនឹងឈានទៅដល់១២ភាគរយ បានន័យថា ក្នុងទ្វីបអាស៊ី គឺកម្ពុជាប្រើប្រាស់កាំរស្មីពន្លឺព្រះអាទិត្យ។ លោកថា ថាមពលវ៉ារីអគ្គិសនី៥០ភាគរយ ជាថាមពលស្អាត ហើយតម្លៃក្រោម១០សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម កែវ រតនៈ លើកទៀតថា អាជ្ញាធរអគ្គិសនី ធានាពីកុងទ័រភ្លើងទាំងអស់នៅកម្ពុជា គឺអត់មានការកែច្នៃ ហើយបើមានជនខិលខូចណាមួយ ហ៊ានតែច្នៃកុងទ័រភ្លើង ឲ្យដើរលឿន នឹងមានទោសទណ្ឌទៅតាមផ្លូវច្បាប់។ ឯកឧត្តមបញ្ជាក់ បើសិនកុងទ័រភ្លើងមានបញ្ហាអ្វីមួយកើតឡើង អាជ្ញាធរអគ្គិសនីនឹងទៅដោះស្រាយជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃឡើយ ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកអគ្គិសនី ឲ្យដឹងទៀតថា ដោយសារបញ្ហាអគ្គិសនីនេះ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩ មានអ្នកនិយមចូលចិត្តលេង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះសារជាលក្ខណៈជេរប្រមាថម៉ាក់ងាយ មកលើអគ្គនាយកអគ្គិសនី ចំនួន២៣៧គណនី។

ចំណែក លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានរំលឹកថា កាលពីឆ្នាំ២០១៨ មានអ្នកកែច្នៃកុងទ័រភ្លើងឲ្យដើរលឿនជាងធម្មតា ហើយអាជ្ញាធរអគ្គិសនីកម្ពុជា បានពិន័យថិវកាពីពួកគាត់ជាង៦០លានរៀល ។ លោកថា បើពលរដ្ឋដឹងមានកែច្នៃកុងទ័រភ្លើងឲ្យលឿនត្រូវរាយការណ៍ មកអាជ្ញាធរអគ្គិសនីភ្លាមៗ ដើម្បីចាត់វិធាន ជនខិលខូចទាំងនេះ ។

សូមបញ្ជាក់ថា មកដល់ឆ្នាំ២០១៩នេះ អគ្គិសនីកម្ពុជា បានតបណ្ដាញដាក់ឲ្យពលរដ្ឋប្រើប្រាស់នៅតាមភូមិទូទាំងប្រទេសបានចំនួន៩៣ភាគរយ ។ ដើម្បីឲ្យពលរដ្ឋខ្មែរកាន់តែមានភាពងាយស្រួលបញ្ហាបង់ថ្លៃអគ្គិសនី អាជ្ញាធរអគ្គិសនីនឹងដាក់ឲ្យប្រើប្រាស់វិក្កយត្របង់ភ្លើងធ្វើជាអក្សខ្មែ នៅចុងឆ្នាំ២០២០ ខាងមុខ៕