សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យទេសរដ្ឋមន្ត្រី គន់ គីម ដឹកស្បៀង និងកងកម្លាំងចេញអន្តរាគមន៍បន្ទាន់ ជម្លៀសប្រជាជនជាច្រើនរយគ្រួសារពីទឹកជំនន់នៅខេត្តរតនគីរី


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រដឹកស្បៀង និងកងកម្លាំងមួយចំនួនផង ចុះទៅអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរីជាច្រើនរយគ្រួសារ កំពុងរងគ្រោះដោយសារទឹកជំនន់។

បន្ទាប់ពីបានទទយលដំណឹង នៃការរងគ្រោះដោយសារទឹកជំនន់របស់ប្រជាពលរដ្ឋនៅខេត្តរតនគិរីភ្លាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញបញ្ជាឱ្យរូបឯកឧត្តមទេសរដ្ឋមន្ត្រីដឹកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ចុះជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់យ៉ាងដូច្នេះ ពេលនេះខ្ញុំកំពុងធ្វើដំណើរតាមឧទ្ធម្ភាគចក្រចុះដឹកស្បៀង និងសម្ភារប្រើប្រាស់ផ្សេងៗចេញជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តរតនគិរី។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកយកចិត្តទុកដាក់ខ្លាំងណាស់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងបានបញ្ជាឱ្យខ្ញុំចេញជួយជាបន្ទាន់។

សូមបញ្ជាក់ថា ទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ បានហក់ឡើងយ៉ាងខ្លាំងដោយសារទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនត្រូវបានជនលិច អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តបានចេញអន្តរាគមន៍ភ្លាមៗផងដែរ ដោយស្វែងរកទីទួលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងអ្នកនាំពាក្យ បានប្រាប់បណ្ដាញព័ត៌មានថា នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ជំនន់ទឹកភ្លៀងបានប៉ះពាល់ ផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលស្ថានភាពទឹកនៅទីនោះមានកម្ពស់ ១៣.៨០ម៉ែត្រ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ពោលជាកម្រិតហួសពីការប្រកាសអាសន្ន ដែលមានត្រឹម១២.៥០ម៉ែត្រ។

អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា គ្រោះធម្មជាតិនេះ បណ្ដាលមកពីទឹកភ្លៀង នៃផ្ទៃរងទឹកភ្លៀងទាំងនៅកម្ពុជា និងប្រទេសវៀតណាម ប៉ុន្ដែស្ថានភាពហាក់នៅនឹង ខណៈដែលក្រសួងកំពុងបន្ដតាមដាន។

យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក បានបង្ហាញថា ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក ក្នុងស្រុកលំផាត់ មានចំនួន៣,០៨២គ្រួសារ ស្មើនឹងចំនួនប្រជាជន១៣,៤៤៦នាក់ ស្ថិតនៅភូមិចំនួន១៤ ក្នុងឃុំចំនួន៣ កំពុងរងការលិចលង់។ ដោយឡែក ប្រជាពលរដ្ឋនៅស្រុកកូនមុំវិញ មានចំនួន១,១៥៤គ្រួសារ ស្មើនឹង២,១៩១នាក់ ស្ថិតនៅភូមិចំនួន៦ ក្នុងឃុំ២ ក៏កំពុងទទួលការលិចលង់ផងដែរ៕