កសិករខេត្តប៉ៃលិន ចំនួន ២៦០គ្រួសារ ដែលផលដំណាំខូចខាតដោយសារគ្រោះធម្មជាតិ ទទួលអំណោយពូជន៍ដំណាំ ជី និងថ្នាំកសិកម្ម ពីរាជរដ្ឋាភិបាលកម្ពុជា


ប៉ៃលិន៖ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីចែកពូជន៍ពោត ស្រូវ ជី និងថ្នាំកសិកម្ម ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន ដល់ប្រជាពលរដ្ឋ ចំនួន ២៦០គ្រួសារ ដែលទទួលរងគ្រោះធម្មជាតិ លើផលិតកម្មកសិកម្ម នាដើមឆ្នាំ២០១៩នេះ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះអាកាសធាតុទូទាំងពិភពលោក មានការប្រែប្រួល និង បានបង្កអោយប៉ះពាល់ដល់ការងារកសិកម្មយ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងនៅខេត្តប៉ៃលិនប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួលខ្លាំង ដូចជាអាកាសធាតុក្តៅខ្លាំង ភ្លៀងធ្លាក់មានចំនួនតិច ដែលបញ្ហានេះ បានធ្វើអោយផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋទទួលរងការខូចខាត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងត្រូវតែចេះសំរបខ្លួនទៅនឹងធម្មជាតិ និងត្រូវដាំដំណាំណាដែលត្រូវការទឹកតិច ឬប្រើប្រាស់ពូជន៍ដំណាំណាដែលធននឹងភាពរាំងស្ងួត និងធន់នឹងភាពជាំទឹក អាស្រ័យទៅនឹងស្ថានភាពដីរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក វិស័យកសិកម្មជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្តារឃឿនសេដ្ឋកិច្ចជាតិឱ្យបានរីកចំរើន ព្រោះថាប្រទេសយើងជាប្រទេសដែលមានសក្តានុពលលើផ្នែកកសិកម្ម ដោយប្រជាពលរដ្ឋជាង៨០ភាគរយ ជាកសិករប្រកបរបរកសិកម្ម ដូចនេះការឧបត្ថម្ភពូជន៍ពោត និងពូជន៍ស្រូវដល់កសិកររងគ្រោះនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់កសិករក្នុងការបង្កបង្កើនផលរដូវកាលថ្មីឱ្យបានទាន់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានណែនាំដល់ប្រជាកសិករយើងទាំងអស់ត្រូវចងក្រងគ្នាជាសហគមន៍កសិកម្ម ដែលយើងអាចដាំដុះដំណាំទៅតាមតម្រូវការទីផ្សារ និងតាមកិច្ចសន្យា ព្រមទាំងមានលទ្ធភាពចចារតំលៃជាមួយក្រុមហ៊ុន ធានាបាននូវតំលៃមួយសមរម្យ ដែលប្រជាពលរដ្ឋយើងអាចទទួលយកបាន ហើយយើងក៍មាននិរន្តរភាពលើទីផ្សារ លក់កសិផលរបស់យើងផងដែរ។

បើតាមការបញ្ជាក់របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានឱ្យដឹងថា៖ ដើមឆ្នាំ២០១៩នេះ កសិករខេត្តប៉ៃលិន រងគ្រោះដោយគ្រោះធម្មជាតិ លើផលិតកម្មកសិកម្ម គឺដំណាំពោតក្រហម ខូចខាតចំនួន ៦៣៦០ហិចតា ស្មើនឹង ៩០% នៃផលិតកម្មពោតក្រហមសរុប ក្នុងខេត្តដែលមានចំនួន ៧០៦៧ហិចតា ដំណាំដំឡូងមី ខូចខាតចំនួន ៤២១១ហិចតា ស្មើនឹង ១០% ហើយពូជន៍ដំណាំ និងថ្នាំ ជីកសិកម្ម ដែលចែកជូនកសិករនាពេលនេះរួមមាន៖ ពូជន៍ពោតក្រហម ចំនួន ៣៦០០គីឡូក្រាម ពូជន៍ស្រូវចំនួន ១២០០គីឡូក្រាម ជីនិងថ្នាំកសិកម្ម ចំនួន ៦៦៥ដប និងថ្នាំកំចាត់ខ្យងចំនួន ១២០កញ្ចប់។