រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំការងារ ក្រុមទីប្រឹក្សា និងជំនួយការអមក្រសួង ដើម្បីពង្រឹងបន្ថែមនូវប្រសិទ្ធភាពការងារ


នៅរសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំការងារ ក្រុមទីប្រឹក្សា និងជំនួយការអមក្រសួង ដើម្បីពង្រឹងបន្ថែមនូវប្រសិទ្ធភាពការងារ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការឱ្យថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការត្រូវយល់ពីតួនាទីនិងភារកិច្ចខ្លួន ក្នុងការផ្តល់មតិយោបល់ល្អៗ ស្តែងចេញនូវការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ បង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ល្អៗ ក្នុងការរួមចំណែកបង្កើននូវសន្ទុះអភិវឌ្ឍន៍ការងាររបស់ក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យមន្រ្តីវ័យក្មេង ជាពិសេសជំនួយការក្រសួង ត្រូវខិតខំបង្កើននូវចំណេះដឹង និងសមត្ថភាព តាមរយៈការខិតខំសិក្សា ស្រាវជ្រាវចំណេះដឹងទូទៅ និងជំនាញនានា ពីគ្រប់ប្រភពពត៏មានបន្ថែម។