លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញចូលរួមជាអធិបតីក្នុងពីធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍


កាលពីព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី “៤០ឆ្នាំ៖ការចងចាំជនរងគ្រោះស-២១” ដែលរៀបចំឡើងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។

ពិព័រណ៍នេះ មានគោលបំណងសំខាន់ៗចំនួន៤គឺ៖
១. គោរពរម្លឹក និងចងចាំដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតដោយអយុត្តិធម៌នៅក្នុងសម័យខ្មែរក្រហម

២. រម្លឹកខួបទី៤០ឆ្នាំនៃការរៀបចំសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងក្រោយការដួលរលំរបស់ខ្មែរក្រហម

៣. រម្លឹកដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងស្ថាប័ន បុគ្គលិកសារមន្ទីរទួលស្លែង និងជំនាញការជាតិ អន្តរជាតិ ដែលបានបូជាកម្លាំងកាយចិត្តក្នុងការរៀបចំសារមន្ទីរសម្រាប់ការផ្សព្វផ្សាយឲ្យមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ និងចងចាំអំពីជនរងគ្រោះនៅមន្ទីរស-២១

៤. ថ្លែងអំណរគុណចំពោះអង្គការ ឬស្ថាប័នជាតិ និងអន្តរជាតិ ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សះផ្សារផ្លូវចិត្ត និងស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនៅទូទាំងប្រទេស។
ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងដាក់ឲ្យដំណើរការរយៈពេលមួយឆ្នាំដោយគិតចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។