អភិបាលខេត្តប៉ៃលិន ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ដល់មណ្ឌលកុមារកំព្រាខេត្តប៉ៃលិន


ប៉ៃលិន៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីរាជការអង្គភាពស្ថប័នជុំវិញខេត្ត បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកអំណោយជាសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ ពស្រមទាំងថវិការ ទៅឧបត្ថម្ភដល់មណ្ឌលកុមារកំព្រាខេត្តប៉ៃលិន ដែលស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកស្រី យិត យឿន ប្រធានមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន បានឲ្យដឹងថា៖ មណ្ឌលកុមារកំព្រាខេត្តប៉ៃលិនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដែលរហូតមកដល់បច្ចុប្បន្ននេះមណ្ឌលកុមារកំព្រាចិញ្ចឹមបីបាច់កុមារកំព្រាចំនួន ៤៥០នាក់ ក្រោមស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋ ហើយមកដល់ពេលនេះកុមារដែលធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រាទាំងនោះខ្លះកំពុងធ្វើការសិក្សាថ្នាក់មហាវិទ្យាល័យ សិក្សាវិទ្យាល័យនិងបឋមសិក្សា ព្រមទាំងចេញបម្រើការងាររដ្ឋនិងឯកជនជាច្រើននាក់ទៀតផងដែរ។ ដោយឡែកសព្វថ្ងៃនេះនៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន មានកុមារកំព្រាកំពុងរស់នៅចំនួន ៣០នាក់ ស្រី១០នាក់ ដោយរបបអាហាររូបត្ថម្ភរបស់រដ្ឋសម្រាប់កុមារម្នាក់ ៥ពាន់រៀលក្នុង១ថ្ងៃ ហើយសព្វថ្ងៃមណ្ឌលបានផ្តល់អាហារ៣ពេលក្នុង១ថ្ងៃ និង១អាទិត្យបានផ្តល់បង្អែមដល់កុមារហូបម្តងផងដែរ ចំណែកការព្យាបាលជម្ងឺទូទៅរបស់កុមារមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន បានជួយព្យាបាលជម្ងឺដោយមិនគិតថ្លៃ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តីបានគិតគូខ្ពស់ដល់ក្មួយៗកុមារកំព្រា ដោយមិនអោយក្មួយៗឯកោនោះឡើយ ដោយរាល់ការខ្វះខាតរស់មណ្ឌលកុមារកំព្រា គឺរាជរដ្ឋាភិបាលក៍ដូចថ្នាក់ដឹកនាំខេត្តជួយបំពេញបន្ថែមនិងសម្របសម្រួលអោយមានជីវភាពល្អប្រសើរ ព្រោះថាក្មួយៗកុមារ គឺជាទំពាំងស្នងឬស្សី ដែលសង្គមជាតិយើងត្រូវការលើកទឹកកចិត្តប្រៀបដូចជាកុមារដ៏ទៃដែរ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ដែលក្នុងនាមថ្នាក់ដឹកនាំខេត្តនិងមន្ទីរជំនាញត្រូវគិតគូរយកចិត្តទុកដាក់ ស្របតាមយន្តការរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់ក្មួយៗ ត្រូវតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រអោយក្លាយខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ បន្តវេនពីរាមច្បងយើង ដើម្បីចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិយើង អោយមានការរីកចំរើន។

សូមបញ្ជាក់ថា៖ អំណោយដែលផ្តល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តប៉ៃលិននាឱកាសនោះរួមមាន៖ សៀវភៅចំនួន ៤១៨ក្បាល ប៊ិចចំនួន ០៨ប្រអប់ ខ្មៅដៃចំនួន ១២ប្រអប់ ទឹកលុបចំនួន៥០ដើម ក្តារជ័រចំនួន១៥ អង្ករចំនួន ៥០០គីឡូក្រាម មីចំនួន ២០កេស ទឹកត្រីចំនួន ០៦យួរ ទឹកស៊ីអ៊ីវចំនួន ០៦យួរ និងកង់ចំនួន ០៣គ្រឿង ព្រមទាំងថវិកាចំនួន ២លានរៀល ហើយដោយឡែកម៉ែដោះ ២នាក់ ទទួលបានថវិកាលើកទឹកចិត្តម្នាក់ ២០ម៉ឺនរៀល ហើយដោយសង្កេតឃើញតុសិក្សានៅមណ្ឌលកុមារកំព្រាមានភាពចាស់ទ្រុឌទ្រោម ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភតុថ្មីសម្រាប់សិក្សាចំនួន ៣០តុ និងបានកាត់សំលៀកបំពាក់សិក្សាជូនប្អូនៗកុមារកំព្រាផងដែរ ។