វេទិកាសម្ព័ន្ធសង្គមស៊ីវិលរៀបចំវេទិការជួបសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តស្ទឹងត្រែង ក្រោមប្រធានបទ “ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា”។ ដោយមានអ្នកចូលរួមពីបណ្តាក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាក្នុងខេត្តសរុប ២០៣នាក់។

ថ្លែងក្នុងពិធីបើកអង្គវេទិការឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា ការរៀបចំវេទិកាសន្ទានាជាមួយអង្គការ សមាគម សហជីប និងសហគមន៍នៅខេត្តស្ទឹងត្រែង របស់ វេទិកាសម្ព័ន្ធសង្គមស៊ីវិលគឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពីសំណាក់អង្គការសង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធ ដើម្បីឆ្ពោះទៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានមានប្រសាសន៍ថា តាមរយៈវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិលបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ក៏ដូចជាសិទ្ធិ កាតព្វកិច្ច និងតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិល។ ឯកឧត្តមបន្ថែមថាអង្គការសង្គមស៊ីវិលទាំងអស់រួមចំណែកក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងការសម្រេចបានជោគជ័យនូវគោលដៅទាំង ១៨ចំណុច នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះខេត្តស្ទឹងត្រែងមានអង្គការសង្គមស៊ីវិលប្រមាណ២០ កំពុងដែលកំពុងបន្តសកម្មភាព និងមានសហគមន៍ជនជាតិដើមភាគតិចំនួន១២ សហគមន៍ការពារធនធានធម្មជាតិចំនួន០៧ និងសហគមន៍ផ្សេងទៀតចំនួន៧៣ រួមមានទាំងសហគមន៍ព្រៃឈើនិងជលផល៕