ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលស្តីពី ស្ត្រីនិងសីលធម៌សង្គម ស្ត្រីនិងបដិសណ្ឋារកិច្ច ក្នុងវិស័យទេសចរណ៍ នៅខេត្តពោធិ៍សាត់


(ខេត្តពោធិ៍សាត់)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ” ស្ត្រីនិងសីលធម៌សង្គម ស្ត្រីនិងបដិសណ្ឋារកិច្ច ” ក្នុងវិស័យទេសចរណ៍ ជូនដល់ប្រតិបត្តិករ សេវាករទេសចរណ៍ មន្ត្រីពាក់ព័ន្ធ និងយុវជនស.ស.យ.ក នៅខេត្តពោធិ៍សាត់។

លោកជំទាវ ហ៊ុន ដានី បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារ:សំខាន់ណាស់ក្នុងការពន្លេចឲ្យឃើញពីតួនាទីរបស់ស្ត្រីក្នុងការថែរក្សាវប្បធម៌ ប្រពៃណី ការលើកកម្ពស់សីលធម៌សង្គម និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍តាមរយ:សេវាបដិសណ្ឋារកិច្ច ។ វគ្គបណ្តុះបណ្តាលដែលឆ្លុះបញ្ចាំងពីតួនាទី តម្លៃស្ត្រី តែងតែត្រូវបានធ្វើឡើងនៅគ្រប់រាជធានី-ខេត្ត​ទូទាំងប្រទេសក្នុងវិស័យទេសចរណ៍ដើម្បីរួមចំណែកបញ្រ្ជាបការយល់ដឹងសាធារណ: និងបានជ្រួតជ្រាបពីការយកចិត្តទុកដាក់​របស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ចំពោះស្រ្តីទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងស្រ្តីទូទៅនៅទូទាំងប្រទេស។​ ពិសេស​ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន តែងបានគិតគូរពីបញ្ហាស្រ្តី ដែលបម្រើការក្នុងវិស័យនេះ ដើម្បីទទួលបានសុខដុមនីយកម្មសង្គម ចៀសវាងបានពីការរើសអើងគ្រប់ប្រភេទ ការរំលោភបំពាន អំពើហិង្សា ការកេងប្រវ័ញ្ច និងការធ្វើអាជីវកម្មផ្លូវភេទតាមរយ:ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ។

លោកជំទាវបានលើកឡើងថា ” ទេសចរណ៍កម្ពុជា គឺជា​​ទេសចរណ៍វប្បធម៌ និងធម្មជាតិ​ ” មានសក្តានុពលជាច្រើនត្រូវបង្ហាញទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរដែលរួមបញ្ចូលទាំងផលិតផលទេសចរណ៍វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ កែច្នៃ ជាពិសេសអ្នកបម្រើសេវាត្រូវគិតគូរតាំងពីសម្លៀកបំពាក់ ស្នាមញញឹម ភាពរួសរាយរាក់ទាក់ សីលធម៌ គុណធម៌ ដែលជាចំណុចសំខាន់នៃសេវាបដិសណ្ឋារកិច្ច ពោលគឺមិនមែនជាទេសចរណ៍ផ្លូវភេទ មិនមែនជាការលក់សម្រស់ ឬកិតិ្តយសស្រ្តីខ្មែរឡើយ។ ដូច្នេះលោកជំទាវ បានសំណូមពរឲ្យគ្រប់អ្នកពាក់ព័ន្ធ ត្រូវយល់ឲ្យបានច្បាស់ពីបញ្ហានេះស្របនឹងទស្សនទាន «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ៕