សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម នៅប្រទេសថៃ


ឆ្លៀតពេលចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន នៅព្រះរាជាណាចក្រថៃ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឆ្លៀតពេលជួបពិភាក្សាការងារលោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ Shangri la។

ប្រធានរដ្ឋសភាទំាងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ ក្នុងនាមសភាកម្ពុជា សម្តេចសូមគាំទ្ររដ្ឋសភាវៀតណាម ធ្វើជាប្រធានAIPA នៅឆ្នាំ២០២០ខាងមុខនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះចំណងដៃដ៏ថ្លៃរថ្លាដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជំនួយក្នុងការសាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា និងជួយកម្ពុជារហូតមក។

នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយនោះ ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាម បានឯកភាពក្នុងការបង្កើតឲ្យមានសន្និសីទរួមគ្នារវាងក្រុមតំណាងរាស្រ្តវ័យក្មេង នៅឆ្នាំ២០១៩នេះ និងសន្និសីទតំណាងរាស្រ្តស្រ្តី នៅឆ្នាំ២០២០៕