សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងពីការការពារសិទ្ធិជនជាតិខ្មែរ ដែលកំពុងធ្វើការចំណាកស្រុកនៅក្រៅប្រទេស


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់AIPA ថាបច្ចុប្បន្នការប្រើប្រាស់កម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព ជាការចាំបាច់ និងជាតម្រូវការប្រទេសនីមួយៗ ដូច្នេះប្រទេសក្នុងតំបន់ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថាពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈដោយមិនរើសអើង។ ជាមួយគ្នានេះ សម្តេច អរគុណចំពោះប្រទេសជាមិត្ត ដែលបានទទួលយកពលករកម្ពុជា មកបម្រើការងារក្នុងប្រទេសរបស់ខ្លួន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គ របស់មហាសន្និបាតអន្តរសភាអាស៊ាន AIPA នៅព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ ក្រោមមូលបទ«ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសហគមន៍ប្រកបដោយចីរភាព» ។ ការងារការទូតសភា និងភាពជាដៃគូ ជាកត្តាសំខាន់មួយក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកប្រកបដោយចីរភាព។ សម្តេច បញ្ជាក់ថា គ្មានប្រទេសណាមួយស្ថិតនៅឯកោ ដោយគ្មានទំនាក់ទំនងជាមួយប្រទេសដទៃទៀតឡើយ។

ជាមួយគ្នានេះដែរ សម្តេចប្រធានរដ្ឋសភា បានស្នើដល់AIPA ត្រូវមានគោលជំហររួមមួយ ដែលមាននយោបាយស៊ីសង្វាក់គ្នា សេដ្ឋកិច្ចរួមគ្នាយ៉ាងជិតស្និទ្ធ និងមានការទទួលខុសត្រូវផ្នែកសង្គម រវាងផលប្រយោជន៍ជាតិ និងផលប្រយោជន៍តំបន់។ ការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ដែលជាកត្តាសំខាន់ចាំបាច់ យើងគួរលើកទឹកចិត្ត និងគាំទ្រដល់រដ្ឋាភិបាលនីមួយៗដើម្បីពន្លឿនការចរចា ក្នុងការដាក់បញ្ចូលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ឱ្យបានឆាប់ និងបន្តលើកកម្ពស់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូអន្តរជាតិនានា បន្ថែមទៀត។

នៅក្នុងបរិបទនៃជម្លោះពាជិជ្ជកម្ម ដែលកំពុងវិវឌ្ឍន៍ថ្មីៗនេះ កម្ពុជា សូមប្រកាន់ជំហរគាំទ្រប្រព័ន្ធពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដែលផ្តល់ការការពារផលប្រយោជន៍ ដល់បណ្តាប្រទេសទាំងអស់ ដោយផ្អែកលើការគោរព ការយោគយល់ និងការគិតគូផលប្រយោជន៍គ្នាទៅវិញទៅមក ដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង អធិបតេយ្យភាព និងបូរណភាពដែនដី គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពប្រកបដោយចីរភាព។ កត្តាសន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ ហើយផ្ទុយមកវិញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ ជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងការធានានូវសុខសន្តិភាព និងស្ថិរភាពសង្គម។ ឈរលើមូលដ្ឋាននៃបទពិសោធន៍នេះ ប្រជាជាតិកម្ពុជាទាំងមូលផ្តល់តម្លៃខ្ពស់បំផុត ចំពោះការខិតខំបន្តថែរក្សាសន្តិភាព និងស្ថិរភាព ព្រមទាំងបន្តជំរុញកិច្ចអភិវឌ្ឍន៍ ប្រកបដោយបរិយាប័ន្ន ដែលបច្ចុប្បន្ននេះ កំពុងហុចផ្លែផ្កា ផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជា នៅគ្រប់ទិសទី។

ក្នុងន័យនេះ ដើម្បីឈានទៅសម្រេចបាននូវក្តីប្រាថ្នាដ៏សំខាន់របស់យើង ក្នុងការជំរុញភាពជាដៃគូ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាគោលការណ៍គ្រឹះ និងជាចំណុចស្នូលដ៏សំខាន់របស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលមានសមាហរណកម្មជិតសិទ្ធនាពេលអនាគត។