ជំនួបសម្ដែងការគួរសម​ ពិភាក្សាការងារ​ និងបេីកសិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​អាហារូបករណ៍​ Chevening ថ្នាក់អនុបណ្ឌិត​ រវាងរដ្ឋបាលខេត្តសៀមរាប​ នៃព្រះរាជាណាចក្រកម្ពុជា​ និងប្រតិភូរាជទូត​ចក្រភព​អង់គ្លេស​ ប្រចាំ​​កម្ពុជា​


ថ្ងៃអង្គារ​ ១២រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ នៅសាលាខេត្តសៀមរាប​ លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរង​ខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ បានអនុញ្ញតឲ្យឯកអគ្គ​រាជទូតចក្រភពអង់គ្លេស​ប្រចាំ​កម្ពុជា​ ជួប​សម្ដែង​ការ​គួរសម​ ពិភាក្សាការងារ​ និងបេីកសិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​អាហារូបករណ៍​ Chevening​ ថ្នាក់អនុបណ្ឌិត​ ដឹកនាំដោយ​ លោកជំទាវ​ Tina Redshaw និង​មានការ​ចូលរួម​ពី​ មន្ត្រី​មកពីមន្ទីរ-អង្គភាព​ ចំណុះខេត្តសៀមរាប​ សាស្ត្រាចារ្យ​ លោកគ្រូ​ អ្នក​គ្រូ​ បញ្ញាវ័ន្ត​ សិស្ស-និសិ្សត​តាមបណ្ដាសាកលវិទ្យាល័យ​ និងវិទ្យាស្ថានអប់រំក្នុងខេត្តសៀមរាប​ សរុបចំនួន​ ៨៥នាក់។

លោកអភិបាលរងខេត្ត​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ លោកជំទាវ​ ឯកអគ្គរាជទូត​ គណៈប្រតិភូ​ ពិសេសរាជរដ្ឋាភិបាលអង់គ្លេសដែលតែងតែជួយជ្រោមជ្រែង​លេីវិស័យអបរំ​ សុខាភិបាល​ និងវិស័យ​អាទិភាព​ពាក់ព័ន្ធ​ជាច្រេីនទៀត​ ។

អាហាររូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស​ជាកម្មវិធីដែលផ្ដល់ឱកាសឲ្យ​ មន្ត្រី​រាជការ​ សាស្ត្រាចារ្យ​ លោកគ្រូ​ អ្នក​គ្រូ​ ​និស្សិត​ ចំនួន​១៥០ប្រទេស​ ជុំវិញ​ពិភពលោក​ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលរួមប្រលងអាហាររូបករណ៍បាន​ តែត្រូវមានបទពិសោធន៍ការងារ(រដ្ឋ​ ឬឯកជន)​ យ៉ាងតិច​ ២ឆ្នាំ​ ឬ​ ២៨០០ម៉ោង​ មានសញ្ញាបត្រ​បរិញ្ញាបត្រ​ និងមានពិន្ទុល្អផ្នែកភាសាអង់គ្លេស​ ហេីយការសិក្សាមានរយៈពេល​ ១ឆ្នាំ​។

លោកស្រី Tina Redshaw​ ឯកអគ្គរាជទូតអង់គ្លេស បានថ្លែងថា «ការទៅសិក្សានៅប្រទេសអង់គ្លេស គឺស្មើនឹងការទទួលបានការសិក្សាលំដាប់ពិភពលោក នៅឯគ្រឹះស្ថានអប់រំដ៏មានឈ្មោះបោះសំលេង​ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំងដប់ក្នុងពិភពលោក មានសាកលវិទ្យាល័យកំពូលដល់ទៅបីឯណោះ ដែលមានទីតាំងនៅប្រទេសអង់គ្លេស។

អង់គ្លេសជាប់ចំណាត់ថ្នាក់លេខពីរក្នុងពិភពលោក​ លើផ្នែកវិទ្យាសាស្ត្រ​ និងស្រាវជ្រាវ ហើយ៥៤ភាគរយ​ នៃលទ្ធផលការងារ ដែលកើតចេញពីវិស័យទាំងពីរនេះ គឺសុទ្ធតែនាំមុខគេក្នុងពិភពលោក។ ការសិក្សានៅប្រទេសអង់គ្លេស ក៏ជួយពង្រីកឱកាសទទួលបានការងាររបស់អ្នកទាំងអស់គ្នាផងដែរ»។

លោកស្រី បន្ដថា «លទ្ធផលស្ថិតិលំដាប់ពិភពលោកជាច្រើន បានបង្ហាញឱ្យឃើញជាបន្តបន្ទាប់ថា សញ្ញាបត្រពីប្រទេសអង់គ្លេស សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ នៅទូទាំងពិភពលោកទាំងមូលតែម្ដង។ អង់គ្លេស ស្ថិតក្នុងចំណោមប្រទេសកំពូលទាំងប្រាំ លើពិភពលោក លើផ្នែកសហការរវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ។ កត្តានេះជួយផ្ដល់ឱកាសកាន់តែខ្ពស់ សម្រាប់ឱ្យនិស្សិតដែលបញ្ចប់ការសិក្សា អាចទទួលបានការងារធ្វើ និងឱកាសការងារល្អៗ​ជាច្រេីន​ ជាហេតុនាំឱ្យនិស្សិតនោះមានប្រៀបជាងនិស្សិតដ៏ទៃ នៅក្នុងទីផ្សារការងារ​ទាំងក្នុងស្រុក​ និងអន្តរជាតិ»៕