សិក្ខាសាលាចែករំលែកចំណេះដឹងស្ដីពីការដឹកជញ្ជូនបៃតង និងការប្រើប្រាស់ប្រេងឥន្ទនៈប្រកបដោយប្រសិទ្ធភាព (Green Freight and Fuel Efficiency)


ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង លោកជំទាវ តុង ផល្លី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹងស្ដីពីការដឹកជញ្ជូនបៃតង និងការប្រើប្រាស់ប្រេងឥន្ទនៈប្រកបដោយប្រសិទ្ធភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង តំណាងវិទ្យាស្ថានមេគង្គនៃព្រះរាជាណាចក្រថៃ ព្រមទាំងស្ថាប័នសាធារណៈ និងស្ថាប័នឯកជនផងដែរ។

សិក្ខាសាលានេះសហការរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានមេគង្គ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងដែលបានមកពីការសិក្សានៅវិទ្យាស្ថានមេគង្គប្រទេសថៃ អស់រយៈពេល១សប្ដាហ៍កន្លងមក ពិភាក្សាស្វែងរកវិធីសាស្ត្រដើម្បីផ្ដល់សេវាដឹកជញ្ជូនឱ្យកាន់តែមានភាពប្រកួតប្រជែង និងពិភាក្សាស្វែងរកសក្ដានុពល និងអត្ថប្រយោជន៍ដែលទទួលបានមកពីការអនុវត្តការដឹកជញ្ជូនបៃតង និងការប្រើប្រាស់ប្រេងឥន្ទនៈប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានាពេលនោះផងដែរ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានជាច្រើនត្រូវបានតភ្ជាប់គ្រប់ច្រកល្ហកនៅទូទាំងប្រទេស និងជាមួយប្រទេសជិតខាង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយទៀត និងដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចឱ្យកាន់តែមាននិរន្តរភាពថែមទៀត។

លើសពីនេះទៀត ក្រសួងក៏បានរៀបចំផែនការដើម្បីចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងសិក្សាការធ្វើទំនើបកម្មរថយន្តដឹកទំនិញ ដោយវិភាគផលចំណេញខាតផ្នែកសេដ្ឋកិច្ច ដើម្បីបង្ហាញពីផលប៉ះពាល់សេដ្ឋកិច្ចដែលកើតចេញមកពីការបំភាយឧស្ម័ន តាមរយៈការដឹកជញ្ជូននេះផងដែរ។

លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានមេគង្គនៃព្រះរាជាណាចក្រថៃដែលបានផ្ដួចផ្ដើមឱ្យមានសិក្ខាសាលានេះឡើង និងសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមសិក្ខាសាលានេះ ដើម្បីពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ស្របតាមប្រសាសន៍ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល “មន្ត្រីត្រូវមានចំណេះដឹងឱ្យទូលំទូលាយ មិនមែនចេះតែជំនាញរបស់ខ្លួនប៉ុណ្ណោះទេ”៕