សមាជិក សមាជិកា គណៈបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមស្តាប់ការផ្សព្វផ្សាយលទ្ធផលអង្គប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា


សមាជិក សមាជិកា គណៈបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមស្តាប់ការផ្សព្វផ្សាយលទ្ធផលអង្គប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួង ។
សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី២២សីហា ឆ្នាំ២០១៩ គណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្ស ។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ជូនពីលទ្ធផល នៃអង្គប្រជុំ ដែលបានផ្តោតជាសំខាន់ពីសភាពការណ៍ នៃភូមិសាស្ត្រនយោបាយអន្តរជាតិ និងការងារគណបក្សឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ ពិសេស សភាពការណ៍ទូទៅ របស់ជាតិ លើគ្រប់ទិដ្ឋភាព ទាំងនរយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការងារកសាងបក្ស ព្រមទាំងបានដាក់ចេញលំអិត នូវទិសដៅ និងភារកិច្ចរបស់គណបក្ស សម្រាប់ឆមាសទី២ ឆ្នាំ២០១៩។

លោកជំទាវបានបន្តថា៖ សម្រាប់គណបក្សប្រជាជនកម្ពុជា បើយោងទៅលើលក្ខន្តិកៈរបស់គណបក្ស សន្និបាតគឺត្រូវធ្វើពីរដងក្នុង១ឆ្នាំ ប៉ុន្តែជាទម្លាប់ក្នុងរយៈពេលកន្លងទៅ ក្នុង១ពេលនៅពាក់កណ្តាលឆ្នាំ គឺតែងតែជួបជុំគ្នាដើម្បីគណៈអចិន្ត្រៃយ៍ផ្តល់ជូននូវរបាយការណ៍ ទៅគណៈកម្មាធិការកណ្តាល ។

លោកជំទាវ ម៉ែន សំអន មានប្រសាសន៍បន្តថា ពិភពលោកបច្ចុប្បន្ននេះ គឺកំពុងស្ថិតក្នុងលក្ខណៈមិនច្បាស់លាស់ ។ ឥឡូវនេះ ប្រព័ន្ធសង្គមរបស់ពិភពលោកគឺកំពុងរងការរំលោភបំពានដោយសារតែការកើនឡើងនៃនយោបាយមិនទៀងទាត់គាំពារនិយម និងឯកតោនិយម ដែលជះឥទ្ធពលមិនល្អពីខាងក្រៅ ក៏ដូចជាក្រុមជនអគតិមួយចំនួន ដែលតែងតែកេងចំណេញ ព្យាយាមចង់បំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍ ដែលយើងកំពុងទទួលបាន ដើម្បីសេចក្តីសុខ ជីវភាពរស់នៅដោយសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ។

ទោះជាយ៉ាងនេះក្តី លោកជំទាវ ម៉ែន សំអន បានជំរុញ ឲ្យមន្ត្រីទាំងអស់លើកកំពស់អភិបាលកិច្ចល្អ បង្កើនប្រសិទ្ធិភាពការងារ នឹងរួមគ្នាចូលរួមអនុវត្តន៍អភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនការបម្រើប្រជាជន និងប្រទេសជាតិ ៕