ក្រុមគ្រូពេទ្យលោកជំទាវតំណាងរាស្រ្ត បន្តចុះពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុងឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន


នៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព អញ្ជើញមកទទួលសេវាពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកជំទាវផ្ទាល់ ដែលរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន ដោយសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: និងគ្រប់ទីកន្លែងទូទាំងប្រទេស តាមរយៈក្រុមការងារចុះពង្រឹងមូលដ្ឋាន និងតំណាងរាស្ត្រគ្រប់មណ្ឌល ហើយសម្តេចសូមជូនពរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានជំងឺទាំងអស់នាពេលនេះសូមឲ្យឆាប់ជាសះស្បើយពីជំងឺគ្រប់ៗគ្នា។

ក្រៅពីពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ លោកជំទាវតំណាងរាស្ត្រ បានរៀបចំជាងកាត់សក់ កាត់សក់ជូនប្រជាពលរដ្ឋ ផ្តល់វ៉ែនតា និងជូនអាហារថ្ងៃត្រង់ដល់ប្រជាពលរដ្ឋទាំងអស់ដោយឥតថ្លៃផងដែរ។

សូមបញ្ជាក់ថា ជារៀងរាល់ខែក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកជំទាវតំណាងរាស្ត្រ តែងតែចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅគ្រប់តំបន់ដាច់ស្រយាលទូទាំងខេត្តប៉ៃលិន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបានទទួលសេវាសុខភាពនៅនឹងមូលដ្ឋានផ្ទាល់ និងចំពោះប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរក្រុមគ្រូពេទ្យបានបញ្ជូនមកពិនិត្យព្យាបាលជំងឺបន្តនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។