អភិបាលខេត្តកំពត បន្តដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ បុណ្យសមុទ្រនៅចុងឆ្នាំ២០១៩, អនុគណៈកម្មការទាំង៦ ត្រូវបានរៀបចំ ដើម្បីឲ្យដំណើរការបុណ្យសមុទ្រទៅដោយរលូន


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យសមុទ្រ ដែលប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៩ នៅខេត្តកំពត។

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់អភិបាលរងខេត្ត អភិបាល អភិបាលរង ស្រុក ក្រុង ប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងជួរថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅចុងឆ្នាំ២០១៩នេះ ដែលខេត្តកំពតត្រូវធ្វើជាម្ចាស់ផ្ទះនោះ គឺធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅនៃពិធីបុណ្យ មួយនេះមានភាពកាន់តែល្អ និងមានការគាំទ្រចាប់អារម្មណ៍ព្រមទាំងភាពទាក់ទាញកាន់តែប្រសើរឡើង ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលត្រូវបានមកចូលរួម កម្សាន្ត ស្របតាមគម្រោងផែនការរបស់ថ្នាក់ជាតិ។

ដោយពេលវេលាកាន់តែគៀកកិតមកដល់ផងនោះ ឯកឧត្តម អភិបាលខេត្តកំពត ក៏បានក្រើនរំលឹក ណែនាំដល់គ្រប់អនុគណៈកម្មការទាំង៦ ចាប់ពីពេលនេះតទៅត្រូវតែជំរុញលើកគម្រោងផែនការលំអិត របស់អនុ គណៈកម្មការនីមួយៗ ជាការប្រញាប់ ហើយអនុគណៈកម្មការនីមួយៗ ក៏ត្រូវបន្តឲ្យមានបើកកិច្ចប្រជុំបន្ថែមទៀត ដោយដាក់ផែនការច្បាស់លាស់ ពិសេសពាក់ព័ន្ធការការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ជាការចាំបាច់។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញ ដល់អនុគណៈកម្មការទាំង៦ ត្រូវតែហ៊ានលើកគម្រោងផែនការវាយតម្លៃឲ្យបានត្រឹមត្រូវ ដើម្បីឲ្យខេត្តមានមូលដ្ឋានទំលាក់ប្រគល់លុយ ជូនសម្រាប់យកទៅអនុវត្តផ្ទាល់តែម្ដង ព្រោះយើងមិនអាចយកមកគ្រប់គ្រងអោយក្រុមហ៊ុននេះ ឬក្រុមហ៊ុននោះ ដោយមិនមានការបែងចែក និងការទទួលខុសត្រូវរបស់អនុគណៈកម្មការនីមួយៗ ដើម្បីគ្រប់គ្រងផ្ទាល់បានទេ ពោលយើងធ្វើយ៉ាងណាឲ្យបានទាន់ ហើយបានល្អរលូន កុំរង់ចាំពេលវេលាគៀកដែលនាំឲ្យយើងធ្វើអីមិនចេញ។

គួរបញ្ជាក់ថា អនុគណៈកម្មការនីមួយៗទាំង៦រួមមាន៖

*ទី១៖ អនុគណៈកម្មការពិព័រណ៍ សិល្បៈ និងសកម្មភាពកីឡាផ្សេងៗ
*ទី២៖ អនុគណៈកម្មការរៀបចំមហោស្រព ម្ហូបអាហារ ភេសជ្ជៈ និងអនាម័យបរិស្ថាន
*ទី៣៖ អនុគណៈកម្មការរៀបចំទីតាំងប្រារព្ធពិធីនិងហេដ្ឋារេចនាសម្ព័ន្ធ
*ទី៤៖ អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និងសង្រ្គោះបន្ទាន់
*ទី៥៖ អនុគណៈកម្មការខ្លឹមសារ ពិធីការ និងកិច្ចប្រជុំពាក់ព័ន្ធនានា
*ទី៦៖ អនុគណៈកម្មការផ្គត់ផ្គង់៕