លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអនុញ្ញាតិឲ្យនិស្សិតឆ្នើម ហុង ភារិន ចូលជួបនិងសំដែង ការគួរសម នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។
នៅក្នុងពីធីសំណេះសំណាល លោកជំទាវកិត្តិសង្គហបណ្ឌិតបាន បានទទួលស្វាគមន៍ និងកោតសរសើរចំពោះទេពកោសល្យរបស់ ភារិន ដែលមានសមត្ថភាពពិសេសអាចចងចាំបានយ៉ាងល្អ និងបានចូលរួមអបអរសារទរចំពោះគ្រួសារ ភារិន ដែលមានកូនឆ្លាត និងបានបង្ហាញ នូវសម្ថភាពដ៏អស្ចារ្យ ដែលប្រទេសជិតខាងបានទទួលស្គាត់ថា ជាមនុស្សអច្ឆរិយៈ ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏ ក្រើនរំលឹកដល់ ភារិន ឲ្យខិតខំប្រឹងប្រែងបង្កើននូវសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដោយមិនត្រូវភ្លេចខ្លួនឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។
ជាការឆ្លើយតប ហុង ភារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុក្ខខ្ពស់ចំពោះបណ្តុះបណ្តាលធនធានមនុស្ស និងបានថ្លែងអំណរគុណចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាឲ្យលោកបានជួបសំដែងការគួរសម និងបានទទួលនូវអានុសាសន៍ល្អៗសម្រាប់យកទៅ អភិវឌ្ឍខ្លួនបន្ថែមទៀត ។
លោក ភារិន ក៏បានប្តេជ្ញាថា នឹងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដែលពាក់ព័ន្ធនឹងជំនាញអភិវឌ្ឍន៍ជនបទ ដើម្បីចែករំលែកចំណេះដឹងរបស់លោកដល់សិស្សនិស្សិតកម្ពុជា ហើយនិងចង់សម្រេចនូវក្តីសុបិន្តពីររបស់លោកគឺ ៖ ទី១. លោកនឹងយកនូវចំណេះដឹងផ្នែកអភិវឌ្ឍន៍ជនបទខ្លួនមកចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។ ទី២. លោកមានបំណងចង់បង្ហាញអំពីសមត្ថភាពរបស់កូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូ នៅប្រទេសចិន នាពេលខាងមុខនេះ ។
ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌតិ ក៏បានជូនពរឲ្យ លោក ហុង ភារិន មានសុខភាពល្អ និងបានសម្រេចនូវបំណងប្រាថា្នដែលខ្លួនចង់បាននាពេលអនាគត ជាពិសេស សូមឲ្យ ភារិន បានទទួលជោគជ័យក្នុងការប្រគួរការចងចាំលំដាប់ពិភពលោកនៅប្រទេសចិននាពេលខាងមុខនេះ ដើម្បីលើកកម្ពស់កិត្តិយសគ្រួសារផង និងកិត្តិយសប្រទេសជាតិផង ៕